(តេហេរ៉ង់)៖ មេដឹកនាំកំពូលផុតលេខរបស់ប្រទេសអ៊ីរ៉ង់ លោក អាយ៉ាតូលឡាហ៍ អាលី ខាមេណៃ (Ayatollah Ali Khamenei) បាននិយាយថា សហរដ្ឋអាមេរិក គឺជាអ្នកចូលដៃចូលជើងជាមួយអ៊ីស្រាអែល ក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្មនាពេលថ្មីៗនេះ ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន ដោយរូបលោកចង់សំដៅទៅលើការសម្លាប់រង្គាល លើក្រុមបាតុករប៉ាឡេស្ទីន នៅតំបន់ព្រំដែនហ្គាហ្សា-អ៊ីស្រាអែល កាលពីដើមសប្តាហ៍នេះ ចំពេលដែលទីក្រុងវ៉ាស៊ីនតោន បើកសម្ពោធជាស្ថានទូតជាផ្លូវការនៅទីក្រុងហ្សេរុយសាឡឹម។ នេះបើតាមការដកស្រង់ការផ្សាយពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨។
លោក Khamenei បានថ្លែងថា «ហ្សេរុយសាឡឹម គឺជារដ្ឋធានីរបស់ប៉ាឡេស្ទីន ហើយវានឹងត្រូវបានរំដោះចេញពីកណ្តាប់ដៃរបស់សត្រូវ ដោយការជួយពីព្រះជាម្ចាស់»។ ជាមួយគ្នានេះ លោក Khamenei បានទទូចឲ្យប្រទេសអ៊ីស្លាមទាំងអស់រួមគ្នាក្រោកឈរឡើងប្រឆាំងនឹងបទឧក្រិដ្ឋទាំងនេះ។ ក្រៅពីលោក Khamenei ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani ក៏បានរិះគន់ធ្ងន់ៗចំពោះអ្វីដែលលោកបានចាត់ទុកថា ជាការបាត់មាត់ស្ងាត់ឈឹងរបស់ប្រទេសអារ៉ាប់ និងអ៊ីស្លាមមួយចំនួន បន្ទាប់ពីមានការសម្លាប់ក្រុមបាតុករប៉ាឡេស្ទីន ដោយកងកម្លាំងការពារព្រំដែនអ៊ីស្រាអែល។
គួរជម្រាបថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារយ៉ាងខ្លាំងក្លា នៅឯតំបន់ Gaza Strip ដោយបានធ្វើសកម្មភាពបាញ់ប្រហារទៅលើជនជាតិប៉ាឡេស្ទីន ដែលនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងការបើកសម្ពោធស្ថានទូតអាមេរិក នៅហ្សេរុយសាឡឹម ដោយផ្តាច់ជីវិតមនុស្ស៦០នាក់ និងបង្កឲ្យរបួសជាច្រើនពាន់នាក់ទៀត៕