(អាមេរិក)៖ ភ្នំភ្លើងគីឡូអៀ (Kilauea) នៅរដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិក បានផ្ទុះសាជាថ្មីម្តងទៀត ដោយជះកម្អែរផេះយ៉ាងក្រាសឃ្មឹកឡើងទៅលើផ្ទៃអាកាសកម្ពស់ជិត ១០គីឡូម៉ែត្រ ដែលជាហេតុធ្វើឲ្យអាជ្ញាធរក្នុងតំបន់ធ្វើការណែនាំក៏ដូចជាទទូចឲ្យប្រជាពលរដ្ឋកុំឲ្យចាកចេញទៅក្រៅលំនៅឋានឲ្យសោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨។
បើតាមទីភ្នាក់ងារឃ្លាំមើលសកម្មភាពភ្នំភ្លើងកោះហាវ៉ៃ HVO បានឲ្យដឹងថា បន្ទុះភ្នំភ្លើងនេះបានបង្កឲ្យមានដុំពពកដ៏ធំសម្បើមមួយ ដែលមានកម្ពស់ដល់ទៅ ៩,១០០ម៉ែត្រ ហើយកំពុងរសាត់ទៅភាគអាគ្នេយ៍។ ភ្លាមៗក្រោយពីវាបានផ្ទុះ ទីភ្នាក់ងារការពារជនស៊ីវិល នៃកោះហាវ៉ៃបានទទូចឲ្យប្រជាពលរដ្ឋស្វែងរកកន្លែងសុវត្ថិភាពដើម្បីជ្រកកោន និងកុំចេញទៅខាងក្រៅ ដោយសារតែកម្អែរផេះ នឹងគ្របដណ្តប់ពីលើតំបន់នៅជុំវិញនោះ។
គួរជម្រាបថា ការផ្ទុះលើកនេះបានកើតមានឡើង នៅពីរសប្តាហ៍បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត ៦.៩រ៉ិចទ័រ បានវាយប្រហារកោះហាវ៉ៃ បានបណ្តាលឲ្យភ្នំភ្លើង Kilauea ផ្ទុះឡើងម្តងរួចទៅហើយ និងបង្កឲ្យមានសកម្មភាពភ្នំភ្លើង ដែលបានបង្ហូរកម្អែរភ្លើង ទៅកាន់សហគមន៍នានាដែលនៅក្បែរនោះ ដោយបំផ្លាញលំនៅឋានចន្លោះពី ២០ ទៅ ៣០ខ្នង ព្រមទាំងបង្ខំឲ្យមានការជម្លៀសខ្លួនមនុស្សជាច្រើននាក់៕