(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ​ ហាក់ដូចជា​​បានទទួល​ស្គាល់​ដោយប្រយោល​ថា សហរដ្ឋអាមេរិក​គឺជាអ្នក បំផ្លាញ​ប្រទេស​លីប៊ីហើយលោក​ថ្លែងបែបនេះ​ នៅក្នុងសារមួយ​ដែលមានចេតនា​ព្រមានមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ថាអាចនឹងមាន​ជោគវាសនាឈឺចាប់ ដូចអតីតមេដឹកនាំលីប៊ី លោក ហ្គាដាហ្វី បើមិនព្រម​បោះចោលអាវុធ​នុយក្លេអ៊ែរ។ នេះបើ​តាមការ​ដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មានល្បីៗដូចជា ស៊ីនហួ, អាល់ហ្សាសៀរ៉ា, Reuters និង ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ ផងដែរ​នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨។

ថ្លែងនៅចំពោះមុខ​អ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ (ម៉ោងនៅសហរដ្ឋអាមេរិក) លោក ដូណាល់ ត្រាំ បាននិយាយថាបើសិនការទូត មិនបានទទួលជោគជ័យ លោក គីម ជុងអ៊ុន អាចនឹងមានជោគវាសនាឈឺចាប់ដូចគ្នាទៅនឹងលោក ហ្គាដាហ្វី ដែលត្រូវបានក្រុមឧទ្ទាម គាំទ្រដោយសហរដ្ឋអាមេរិកទម្លាក់ពីអំណាច និងសម្លាប់ចោលកាលពីឆ្នាំ២០១១។

មិនតែប៉ុណ្ណោះ ប្រធានាធិបតី​អាមេរិករូបនេះក៏​បានអះអាង​ដែរថា សហរដ្ឋអាមេរិក​បានបំផ្លាញ​ប្រទេសលីប៊ី ប៉ុន្តែលោក​ថា​នេះមិន មែនជាអ្វីដែល​ចង់ប្រើប្រាស់​ជាមួយកូរ៉េខាងជើង បើមានកិច្ចព្រមព្រៀង​មួយជាមួយ​កូរ៉េខាងជើង។ «យើងមិនដែល​និយាយទៅ លោក ហ្គាដាហ្វី ថាយើងនឹងផ្ដល់ការ​ធានា​ការពារ​ ឬអ្វី​ផ្សេងៗទៀតនោះ​ឡើយ»។ នេះជា​ការ​លើកឡើងរបស់​ លោក ត្រាំ ដោយសំដៅ​​លើអតីតមេដឹកនាំ​​លីប៊ី លោក ហ្គាដាហ្វី។

គួររំលឹកថា កាលពីឆ្នាំ២០០៣ លោក ហ្គាដាហ្វី បានយល់បោះបង់​ចោលកម្មវិធីនុយក្លេអ៊ែរ និងអាវុធគីមី ជាថ្នូរនឹងការដកទណ្ឌកម្ម សេដ្ឋកិច្ច។ ប៉ុន្តែ​ដោយមើលឃើញ​គំរូនៅលីប៊ី និងអ៊ីរ៉ាក់ ក្រោមសម័យ​លោក សាដដាម ហូស្សេន ដែលត្រូវគេសម្លាប់​ដោយព្យួរក​កាលពី ឆ្នាំ២០០៦ ទើបអ្នកជំនាញខ្លះយល់ថា ទីក្រុងព្យុងយ៉ាង​ទំនងជាមិន​បោះបង់ចោល​អាវុធនុយក្លេអ៊ែរ​នោះទេ ដ្បិតលោក គីម ជុងអ៊ុន ខ្លាចមានវាសនា​ដូចអតីតមេដឹកនាំ​ទាំងពីរ៕