(វ៉ាស៊ីនតោន)៖ ទីបំផុត​លោកស្រី ជីណា ហាសភែល (Gina Haspel) បានក្លាយជា​នាយកទីភ្នាក់ងារ​​ស៊ើបការណ៍​សម្ងាត់អាមេរិក ហៅកាត់ថា CIA ក្នុងនាម​ជាស្ត្រីដំបូង​គេ បន្ទាប់ពីត្រូវព្រឹទ្ធសភា​​បោះឆ្នោត​​អនុម័ត​ បើទោះជា​លោកស្រី​មានប្រវត្តិ​មិនល្អ​ខាងធ្វើទារុណកម្ម​​យ៉ាងព្រៃផ្សៃ​​ ក្នុងការសួរចម្លើយ​អ្នកទោស​ជាភេរវករសង្ស័យ​ពាក់ព័ន្ធនឹងមហា​ភេរវកម្ម​ថ្ងៃទី១១ ខែកញ្ញា​ ឆ្នាំ២០០១ ក៏ដោយ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ​ ទី១៨ ខែឧសភា ឆ្នាំ២០១៨។

លោកស្រី Haspel ត្រូវបានព្រឹទ្ធសភា​អាមេរិក នៅថ្ងៃព្រហស្បតិ៍​បោះ​ឆ្នោត​គំាទ្រ​​ក្នុងសំឡេង ៥៤ ទល់ ៤៥ ហើយការឡើង​កាន់តំណែងរបស់​លោកស្រី កើតមានឡើង​ក្រោយ​អតីតនាយក CIA​ លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ត្រូវបានលោក ដូណាល់ ត្រាំ តែងតាំង​ជារដ្ឋមន្ត្រីការបរទេស​ថ្មី ជំនួស​លោក រិច ធីល្លឺសុន។ ប៉ុន្តែសមាជិកព្រឹទ្ធសភា​អាមេរិកពីរនាក់មក​ពីរគណបក្ស​សាធារណរដ្ឋ​ បានបោះឆ្នោត​ជំទាស់ ខណៈសមា ជិកព្រឹទ្ធសភា​អាមេរិកនៃគណបក្ស​ប្រជាធិបតេយ្យ​ ០៦នាក់ បានបោះ​ឆ្នោត​គាំទ្រ លោកស្រី។

គួរបញ្ជាក់ថា បើតាមរបាយកាណ៍​របស់ព្រឹទ្ធសភា​អាមេរិកកាលពី​ឆ្នាំ២០១៤ បុរសយ៉ាងហោច​ណាស់ ១១៩នាក់ ត្រូវបាន​ធ្វើ​ទារុណកម្ម ដោយ​សហរដ្ឋអាមេរិក ក្នុងសំណុំរឿង​មហាភេរវកម្ម​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ ចំណែកឯ លោកស្រី Gina Haspel គឺជាអ្នកអនុវត្តន៍ការ​ធ្វើទារុណកម្ម​យ៉ាងព្រៃ​ លើអ្នកទោសជាភេរវករក្នុងពេល​សួរចម្លើយ។ តែយ៉ាងណាក៏ដោយ គេមិនបាន​ដឹងច្បាស់ឡើយថា លោកស្រី មានតួនាទីអ្វី​ឱ្យប្រាកដនោះ​ទេកាលជំនាន់នោះ៕