(គូឡាឡាំពួរ)៖ ប៉ូលិសម៉ាឡេស៊ីនៅថ្ងៃសុក្រនេះ បានរឹបអូសប្រអប់ចំនួន ២៨៤ ផ្ទុកទៅដោយការបូបយួរដៃ និងកាបូបរាប់សិបផ្សេង ទៀតពេញទៅដោយលុយសុទ្ធទាំងគីបៗ ព្រមទាំងគ្រឿងអលង្កាជាច្រើន ពីលំនៅដ្ឋានឯកជនមួយកន្លែងមានជាប់ពាក់ព័ន្ធនឹងអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់។ នេះបើតាមការចេញផ្សាយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨។
យោងតាមប៉ូលិសម៉ាឡេស៊ីសម្ភារៈទាំងអស់ខាងលើ ត្រូវបានយកចេញពីខុនដូប្រណិតមួយកន្លែង នៅព្រឹកព្រលឹមថ្ងៃសុក្រនេះ ក្នុងនោះមានទាំងគ្រឿងអលង្កា នាឡិកាដៃ និងវត្ថុមានតម្លៃជាច្រើនទៀត។ «តើមានគ្រឿងអលង្កាប៉ុន្មានឱ្យប្រាកដ ខ្ញុំមិនទាន់អាច និយាយបាននៅឡើយទេ ពីព្រោះអ្វីដែលយើងដឹងគឺថា យើងបានរឹបអូសកាបូបជាច្រើនពេញដោយគ្រឿងអលង្កា ហើយចំនួននៃគ្រឿងអលង្កាមានទំហំធំ»។ នេះបើតាមការបញ្ជាក់ពីនាយកផ្នែកស៊ើបអង្កេតបទល្មើសពាណិជ្ជកម្ម លោក Amar Singh។
បន្ថែមពីលើនេះ លោក Singh ក៏បានឱ្យដឹងដែរថា ប៉ូលិសបានដឹកនាំប្រតិបត្តិការចុះឆែកឆេរទីតាំងចំនួន ០៦ ក្នុងនោះរួមមានការិយាល័យនាយករដ្ឋមន្ត្រី និងលំនៅដ្ឋាននាយករដ្ឋមន្ត្រីស្ថិតនៅក្នុងទីក្រុង ភូត្រាចាយ៉ា (Putrajaya) និងបួនទីតាំងទៀតជាលំនៅដ្ឋានឯកជន មានជាប់ពាក់ព័ន្ធនឹងអតីតនាយករដ្ឋមន្ត្រីលោក ណាជីប រ៉ាហ្សាក់។
គួរជម្រាបថា ប្រតិបត្តិការចុះឆែកឆេរនេះ ធ្វើឡើងមានជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេត ជុំវិញសំណុំរឿងពុករលួយលុយជាង ៧០០ លានដុល្លារនៃមូលនិធិរដ្ឋ 1Malaysia Development Berhad (1MDB) ដែលបង្កើតឡើងដោយលោក ណាជី រ៉ាហ្សាក់។ មួយវិញ ទៀតការស៊ើបអង្កេតនេះទៀតសោត គឺជាផ្នែកមួយនៃការសន្យារបស់នាយករដ្ឋមន្ត្រីថ្មី លោក មហាធៀ មហាម៉េដ បន្ទាប់ពីលោក បានចេញបញ្ជាហាមឃាត់លោក ណាជីប និងភរិយាចាកចេញពីម៉ាឡេស៊ី៕