(កង់បេរ៉ា)៖ ក្រុមអ្នកស៊ើប​អង្កេតសុវត្ថិភាព​ដឹកជញ្ជូន នៃរដ្ឋាភិបាល​អូស្រ្ដាលី នឹងត្រូវ​ប្រឈមមុខ​នឹងព្រឹទ្ធសភា ជុំវិញការចាយ​លុយជាង ១៥០លានដុល្លារ ក្នុងការតាមស្វែងរក​យន្ដហោះ​បាត់ខ្លួន MH370 របស់ក្រុមហ៊ុន​អាកាសចរណ៍ម៉ាឡេស៊ី​អ៊ែរឡាញ តែមិន​បានទទួល​លទ្ធផលជា​ដុំកំភួន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨។

ជុំវិញបញ្ហា​នេះដែរ កាលពីថ្ងៃពុធ​សមាជិកព្រឹទ្ធសភា​អូស្ត្រាលី លោក រិច ផាទ្រីក (Rex Patrick) បានប្រាប់​ប្រព័ន្ធផ្សព្វផ្សាយ​នៅក្នុងស្រុកថា ព្រឹទ្ធសភា​អូស្ត្រាលី នឹងបើកកិច្ចពិភាក្សាដេញដោលមួយ នៅថ្ងៃអង្គារ​សប្ដាហ៍​ក្រោយ ដើម្បីដាក់​សម្ពាធក៏ដូចជាសាកសួរ​ក្រុមអ្នកស៊ើប​អង្កេត មកពីការិយាល័យ​សុវត្ថិភាពដឹក​ជញ្ជូនអូស្ត្រាលី (ATSB) ពាក់ព័ន្ធនឹង​ប្រតិបត្តិការ​តាមរក MH370។

ប៉ុន្តែទន្ទឹមគ្នា ATSB ក៏កំពុងត្រូវបានគេចោទ​ប្រកាន់ផងដែរ​ថា មិនបានខ្វល់ឡើយពី​ភស្ដុតាងដែលបាន​លុបបំបាត់ទ្រឹស្ដី​របស់ពួកគេ ថាតើ MH​370 ធ្លាក់ ឬក៏បាត់ ខ្លួនទៅយ៉ាង​ដូចម្ដេច ខណៈអ្នកបើក​យន្ដហោះ នៃក្រុមហ៊ុនអាកាសចរណ៍​មួយចំនួន ស្នើឱ្យរដ្ឋាភិបាល​បង្កើតគណៈកម្មការ​ឯករាជ្យ​មួយ។

គួររំលឹកថា ជើងហោះហើរ MH370 របស់ក្រុមហ៊ុន​អាកាសចរណ៍ម៉ាឡេស៊ី​អ៊ែរឡាញ បានបាត់ចេញពី​ប្រព័ន្ធរ៉ាដាយ៉ាង​អាថ៌កំបាំង កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ជាមួយមនុស្ស ២៣៩នាក់ ក្នុងដំណើរផ្លូវពីទីក្រុង​គូឡាឡាំពួ ឆ្ពោះទៅកាន់​ទីក្រុងប៉េកាំង។ យន្ដហោះនេះ​ត្រូវបានគេជឿ​ជាក់​ថា បានធ្លាក់នៅ​ឯភាគខាងត្បូង​មហាសមុទ្រ​ឥណ្ឌា ហើយមកទល់​ពេលនេះ​ គឺមិនទាន់រក​ឃើញសាកសពមនុស្ស និងយន្ដហោះ​ទាំងមូលនៅ​ឡើយទេ ក្រៅតែពីបំណែក​ខ្លះៗដែលគេអះអាង​ថា អាចជារបស់ MH370​។

ទោះបីយ៉ាងណាក៏ដោយ គំរោងសាកសួរក្រុមអ្នកស៊ើបអង្កេតអូស្ត្រាលី កើតមានឡើងតែប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពីមាន​សេចក្ដីរាយការណ៍ថា អតីតមេបញ្ជាការ​ក្រុមអាកាស​យានិក លោក ហ្សារៀ អាមេដ ហ្សាហ៍ (Zaharie Ahmad Shah) មានបំណង​ធ្វើឱ្យ​យន្ដហោះ MH370​ ធ្លាក់៕