(សេអ៊ូល)៖ កូរ៉េខាងជើង​នៅថ្ងៃព្រហស្បតិ៍​នេះ បានបញ្ជាក់​ឡើងវិញពីការជំទាស់​របស់ខ្លួន​យ៉ាងម៉ឺងម៉ាត់ ចំពោះការ​ធ្វើ​សមយុទ្ធយោធា​រវាងកូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក នៅតំបន់ឧបទ្វីបកូរ៉េ ដោយថែមទាំង​ក្រើនរំលឹកដែរថា ការធ្វើ​សមយុទ្ធ​យោធា និងកិច្ចសន្ទនា មិនអាចធ្វើឡើង​ព្រមគ្នាបាន​នោះទេ។ នេះ​បើតាម Uriminzokkiri ដកស្រង់​ដោយ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨។

ថ្លែងនៅក្នុង​បទអត្ថាធិប្បាយ​របស់ខ្លួន គេហទំព័រ​កូរ៉េខាងជើង យូរីមីនហ្សូកគីរី (Uriminzokkiri) បានគូស​ប​ញ្ជាក់​យ៉ាងដូច្នេះថា «ការធ្វើ​សមយុទ្ធ​យោធា និងកិច្ច​សន្ទនា មិនអាច​ធ្វើឡើងព្រម​គ្នាបាន​នោះទេ... ហើយយើង​នឹងបន្តកិច្ចខិតខំ​ប្រឹងប្រែង​រក្សា និងលើកកម្ពស់​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន។ ប៉ុន្តែការធ្វើ​សមយុទ្ធយោធា​ដែលមានគោលដៅ​ឈ្លានពាន​កូរ៉េខាងជើង មិនអាចលើកលែង​ឱ្យបាន​ជាដាច់​ខាត»

គួរជម្រាបថា កាលពី​ថ្ងៃពុធម្សិលមិញ កូរ៉េខាងជើង​បានលុបចោល​ជំនួបថ្នាក់​រដ្ឋមន្ត្រី​ ជាមួយ​កូរ៉េខាងត្បូង​ភ្លាមៗ ហើយក៏បាន​ព្រមាន​ដែរថា នឹងលុបចោល​ជំនួបកំពូលរវាង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែល គ្រោងនឹង​ប្រព្រឹត្តទៅ​នៅថ្ងៃទី១២ ខែមិថុនា​ខាងមុខនេះ ក្នុងប្រទេស​សិង្ហបុរី។ ម្យ៉ាងវិញទៀត ការព្រមានបែបនេះ​របស់ទីក្រុង​ព្យុងយ៉ាង គឺដោយសារ​តែការធ្វើសមយុទ្ធ​យោធា​ដែនអាកាស Max Thunder រវាងអាមេរិក និង​កូរ៉េខាងត្បូង ហើយដែល​កូរ៉េខាងជើងចោទថា ជាសកម្មភាព​​ត្រៀមលក្ខណៈឈ្លាន​កូរ៉េខាងជើង៕