(អាហ្រ្វិក)៖ អាជ្ញាធរសុខាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានឱ្យដឹងថា ជំងឺ អ៊ីបូឡា (Ebola) បាននិងកំពុងរាតត្បាតជាថ្មី ចេញពីតំបន់ជនបទទៅកាន់ទីក្រុងមួយ ដែលនេះបានបណ្ដាលឱ្យមានការព្រួយបារម្ភថា វានឹងពិបាកគ្រប់គ្រង ខណៈមនុស្ស ២៣នាក់ ទៅហើយត្រូវបានគេរាយការណ៍ថា បានស្លាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨។
យោងតាមរដ្ឋមន្ត្រីសុខាភិបាលកុងហ្គោ លោក អូលី អ៊ីឡាំងហ្គា កាឡេងហ្គា (Oly Ilunga Kalenga) ករណីឆ្លងមួយនៃវីរុស Ebola ត្រូវបានគេរកឃើញនៅក្នុងទីក្រុងម៉ាបានដាកា (Mbandaka) ជាទីក្រុងមួយមានមនុស្សជាងមួយលាននាក់រស់នៅ និងស្ថិតនៅចំងាយ ១៣០គីឡូម៉ែត្រ ពីតំបន់ជនបទមួយដែលករណី ផ្ទុះឡើងវិញនៃវិរុសដ៏ប្រល័យនេះ ត្រូវបានគេរាយការណ៍កាលពីដើមខែឧសភា។
បន្ថែមពីលើនេះ លោក Oly Ilunga ក៏បានអះអាងដែរថា មនុស្ស ៤២នាក់ បានឆ្លងវីរុស Ebola ហើយ ២៣នាក់ត្រូវគេអះអាងថា បានស្លាប់។ ចំណែកឯក្រុមអង្គការសុខភាពពិភពលោក (WHO) បានបញ្ជូនកញ្ចប់ថ្នាំពេទ្យ និងវ៉ាក់សាំងច្រើនជាង ៤,០០០កញ្ចប់ ទៅកាន់អាជ្ញាធរកុងហ្គោ មុននឹងកញ្ចប់ដទៃនឹងត្រូវបញ្ជូនក្នុងពេលឆាប់ៗនេះ។
គួររំលឹកថា វីរុស Ebola បានផ្ដាច់យកអាយុជីវិតមនុស្ស ១១,៣០០នាក់ នៅក្នុងប្រទេសហ្គីណេ លីបេរីយ៉ា និងសៀរ៉ាឡេអូន កាលពីចន្លោះឆ្នាំ២០១៤ និង២០១៦៕