(ស៊ីដនី)៖ អ្នកដំណើរម្នាក់ដែលខកជើងហោះហើរ ត្រូវបានអាជ្ញាធរឃាត់ខ្លួន នៅឯអាកាសយានដ្ឋានទីក្រុងមែលប៊ឺន (Melbourne) ប្រទេសអូស្រ្តាលី នាថ្ងៃព្រហស្បតិ៍នេះ ក្រោយពីបានព្យាយាមសម្រុកចូលទៅក្នុងយន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Jetstar។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨។
បើតាមរូបភាព និងឃ្លីបវីដេអូបង្ហាញពីហេតុការណ៍ខាងលើ បុរសដែលជាអ្នកដំណើរមកយឺតពេលរូបនេះ បានប្រើដៃជើងវាយផងដំបង និងព្យាយាមទាញទ្វាររបស់យន្តហោះ ដើម្បីប៉ុនប៉ងចូលទៅក្នុងនោះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អូស្រ្តាលី បុរសម្នាក់នោះ គឺបានខកជើងហោះហើររបស់ខ្លួនដល់ទៅ ០១ម៉ោងឯណោះ ហើយក៏បានចាប់ផ្តើមប្រកាន់អាកប្បកិរិយាកោងកាច ទៅលើបុគ្គលិកអាកាសចរណ៍ Jetstar ថែមទៀត។
ដោយសារទប់កំហឹងពុំបានបែបនេះ បុរសខាងលើក៏បានរត់ឆ្លងកាត់ច្រកកន្លែងរង់ចាំ ហើយចេញទៅកាន់ទីធ្លាខាងក្រៅ ដើម្បីឡើងជណ្តើរទៅលើយន្តហោះ។ បើតាមសាក្សីបុរសរូបនោះ បានប្រតាយប្រតប់គ្នាជាមួយបុគ្គលិកអាកាសចរណ៍ Jetstar មុនត្រូវបានរារាំងដោយបុគ្គលិកក្នុងអាកាសយានដ្ឋាន និងត្រូវចាប់ឃាត់ខ្លួនដោយប៉ូលិសតាមក្រោយ។ បុគ្គលិករបស់ Jetstar ពីរនាក់ ត្រូវគេអះអាងថា បានរងរបួស។
គួរជម្រាបថា អ្នកដំណើរខាងលើត្រូវបានគេដាក់បម្រាម មិនឲ្យធ្វើដំណើរតាមជើងហោះហើរណាមួយ របស់អាកាសចរណ៍ Jetstar ឬ Qantas ទៀតឡើយ ហើយក៏ត្រូវប្រឈមមុខនឹងការដាក់ពាក្យប្តឹងផងដែរ៕