(សេអ៊ូល)៖ កូរ៉េខាងត្បូងបានគ្រោងនឹងបន្តការប្រឹក្សាយោបល់ ជាមួយកូរ៉េខាងជើង សម្រាប់ការបើកកិច្ចពិភាក្សាកម្រិតខ្ពស់អន្តរកូរ៉េឡើងវិញឲ្យបានឆាប់តាមតែអាចធ្វើទៅបាន។ នេះបើតាមប្រកាសពីវិមានប្រធានាធិបតី (Blue House) របស់កូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨។
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) របស់វិមាន Blue House ដែលមានលោក Chung Eui-yong ជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកសន្តិសុខជាតិរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ជាប្រធាននោះត្រូវបានធ្វើឡើង ដើម្បីជែកពិភាក្សាអំពីចំណាត់ការឆ្លើយតប ចំពោះការសម្រេចផ្អាករបស់កូរ៉េខាងជើង លើកិច្ចសន្ទនាកម្រិតខ្ពស់អន្តរកូរ៉េ។
សមាជិករបស់ NSC នៃវិមាន Blue House បានឯកភាពក្នុងការបន្តការពិគ្រោះពិភាក្សាជាមួយកូរ៉េខាងជើង ដើម្បីបើកកិច្ចសន្ទនាកម្រិតខ្ពស់អន្តរកូរ៉េឡើងវិញ ឲ្យបានឆាប់រហ័សតាមធ្វើទៅបាន ហើយ NSC ក៏បានព្រមព្រៀងជួយធ្វើការសម្របសម្រួល យ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ដើម្បីឲ្យកិច្ចប្រជុំកំពូលកូរ៉េខាងជើង-អាមេរិក ដែលគ្រោងប្រព្រឹត្តទៅនាថ្ងៃទី១២ ខែមិថុនា នៅសិង្ហបុរី នោះនឹងទទួលបានជោគជ័យផងដែរ។
គួរជម្រាបថា ទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាងពីដំបូងឡើយបានព្រមព្រៀងគ្នាបើកកិច្ចពិភាក្សាកម្រិតខ្ពស់ នាថ្ងៃពុធម្សិលមិញនៅភូមិ Panmunjom ប៉ុន្តែកូរ៉េខាងជើងបានសម្រេចលុបចោល ដោយសារតែការធ្វើសមយុទ្ធយោធាផ្លូវអាកាស របស់កូរ៉េខាងត្បូង និងអាមេរិក៕