(វ៉ាស៊ីនតោន)៖ នាថ្ងៃអង្គារសប្តាហ៍នេះ អាចម៍ផ្កាយមួយដុំមានទំហំធំជាងយន្តហោះយក្ស Antonov An-225 Mriya ទៅទៀតនោះ បានហោះមកកាត់ផែនដីយើង នៅក្នុងរយៈចម្ងាយត្រឹម ២០៣,០០០គីឡូម៉ែត្រប៉ុណ្ណោះ គឺជាងពាក់កណ្តាលនៃចម្ងាយរវាងភពផែនដី និងឋានព្រះច័ន្ទ ហើយវាគឺជាចម្ងាយកៀកបំផុត ដែលអាចម៍ផ្កាយដ៏ធំនេះ ធ្លាប់បានធ្វើដំណើរឆ្លងកាត់ភពរបស់យើង ក្នុងអំឡុងពេលយ៉ាងតិចពីរសតវត្សរ៍កន្លងទៅនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨។
បើតាមមជ្ឈមណ្ឌលឃ្លាំមើលអាចម៍ផ្កាយ និងផ្កាយដុះកន្ទុយរបស់សហរដ្ឋអាមេរិក Minor Planet Center អាចម៏ផ្កាយដែលមានឈ្មោះថា 2010 WC9 បានហោះកាត់ផែនដីនាវេលាម៉ោងយប់ថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ខណៈដែលវាធ្វើដំណើរក្នុងល្បឿន ១២.៨គីឡូម៉ែត្រ ក្នុងមួយវិនាទី។
គួរជម្រាបថា ក្រុមតារាវិទូបានធ្វើការប៉ាន់ប្រមាណថា អាចម៍ផ្កាយ 2010 WC9 មានមុខកាត់អាចចន្លោះពី ៣៨ម៉ែត្រ ទៅ១១៩ម៉ែត្រ គឺអាចធំរហូតដល់រូបសំណាកនារីសេរីភាព Statue of Liberty នៃទីក្រុងញូយ៉ក របស់សហរដ្ឋអាមេរិក ហើយដូចទៅនឹងលេខសម្គាល់ខាងដើមរបស់វា អាចម៍ផ្កាយនេះ ត្រូវបានគេប្រទះឃើញជាលើកដំបូង កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១០៕