(វ៉ាស៊ីនតោន)៖ ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលចិន បានព្រមព្រៀងផ្តល់ថវិកាប្រមាណកន្លះពាន់លានដុល្លារ ទៅក្នុងគម្រោងមួយនៅប្រទេសឥណ្ឌូណេស៊ី ដែលនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់លោក ដូណាល់ ត្រាំ នោះ ប្រធានាធិបតីរូបនេះ បានចេញបញ្ជាឲ្យផ្តល់ថវិកាសង្រ្គោះជាបន្ទាន់ ដល់ក្រុមហ៊ុនផលិតទូរស័ព្ទ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិនវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Yahoo.com នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ បានប្រកាសនៅលើបណ្តាញសង្គម Twitter ថា «ប្រធានាធិបតីចិន ស៊ី ជិនពីង និងរូបខ្ញុំ កំពុងសហការគ្នាផ្គល់មធ្យោបាយឲ្យក្រុមហ៊ុនផលិតទូរស័ព្ទចិន ZTE ធ្វើការស្រោចស្រង់អាជីវកម្មឡើងវិញឲ្យបានឆាប់។ ការងារច្រើនកន្លែងពេកហើយ ត្រូវបានបាត់បង់នៅក្នុងប្រទេសចិន ហើយជុំវិញបញ្ហានេះក្រសួងពាណិជ្ជកម្មអាមេរិក ត្រូវបានបង្គាប់ឲ្យធ្វើការដោះស្រាយរឿងនេះ»។
អ្វីដែលគេបានកត់សម្គាល់ឃើញនោះគឺ លោក ត្រាំ ពុំបានលើកឡើងអំពីការដែលក្រុមហ៊ុនជាដៃគូរបស់អាណាចក្រជំនួញ Trump Organization ដែលជាអ្នកអភិវឌ្ឍន៍សួនកម្សាន្ត (Theme Park) មួយនៅជាយក្រុងហ្សាការតានោះ បានចុះកិច្ចព្រមព្រៀងស្តីពីការទទួលបានប្រាក់កម្ចីហូតដល់ ៥០០លានដុល្លារ ពីរដ្ឋាភិបាលចិនឡើយ។ សួនកម្សាន្តក៏ដូចជារមណីយដ្ឋាន ដែលរួមមានទីលានវាយកូនគោល និងសណ្ឋាគារនោះ នឹងត្រូវបានដាក់ឈ្មោះលោក ដូណាល់ ត្រាំ។
ទោះបីជាកាលពីអំឡុងយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក លោក ត្រាំ បានសន្យានឹងលែងលូកលាន់ក្នុងកិច្ចការជំនួញនៃក្រុមហ៊ុន Trump Organization របស់លោកយ៉ាងណាក្តី មកទល់ពេលនេះលោកនៅតែមិនទាន់បានដកខ្លួនដាច់ស្រេចទាំងស្រុង ចេញអាណាចក្រជំនួញដ៏ធំមហាសាលនេះនៅឡើយទេ ហើយនៅតែបន្តទទួលបានអត្ថប្រយោជន៍ពីវាដដែល។
គួរជម្រាបថា ទំនាក់ទំនងនៃវិស័យពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននាពេលកន្លងទៅនេះ បានជួបភាពរកាំរកូសខ្លាំង ដោយរដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចបង្កើនពន្ធនាំចូលលើទំនិញរបស់ចិន ហើយបានព្រមានដំឡើងឲ្យខ្លាំងថែមទៀត។ យ៉ាងណាមិញ ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិក ក៏បានបញ្ជូនប្រតិភូទៅកាន់ប្រទេសចិន ហើយរដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានទើបតែបានបញ្ជូនមន្រ្តីជាន់ខ្ពស់របស់ខ្លួន មកកាន់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីជជែកពិភាក្សាគ្នា ក្រោមគោលបំណងបន្ធូរបន្ថយភាពតានតឹងផងដែរ៕