(គូឡាឡំាពួ)៖ ប៉ូលិសម៉ាឡេស៊ីជាច្រើននាក់បានចុះត្រួតពិនិត្យ ផ្ទះរបស់អតីតនាយករដ្ឋមន្ត្រីលោក ណាជីប រ៉ាហ្សាក់ តែមួយសប្ដាហ៍ ប៉ុណ្ណោះ បន្ទាប់ពីលោកចាញ់នៅក្នុងការបោះឆ្នោតសកល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក រថយន្ដប៉ូលិសជាច្រើនគ្រឿង ត្រូវបានគេឃើញនៅព័ទ្ធជុំវិញផ្ទះរបស់លោក ណាជីប កាលពីយប់ថ្ងៃពុធ។ រីឯការធ្វើសកម្មភាពរបស់ប៉ូលិសម៉ាឡេស៊ីនៅពេលនេះ កើតមានឡើងក្រោយនាយករដ្ឋមន្ត្រីថ្មី លោក មហាធៀ មហាម៉េដ បានសន្យាថា លោកនឹងបើកការស៊ើបអង្កេតឡើងវិញ លើសំណុំរឿងពុករលួយពាក់ព័ន្ធនឹងលោក ណាជីប ដែលធ្លាប់ជាសម្ព័ន្ធមិត្តរបស់លោក។ ប៉ុន្តែលោក ណាជីប បានបដិសេធថា មិនបានប្រព្រឹត្តទោសកំហុសអ្វីទាំងអស់ ខណៈរូបលោកកំពុង ស្ថិតនៅក្រោមការហាមឃាត់ក្នុងការចាកចេញពីប្រទេស។
គួរបញ្ជាក់ថា ប៉ូលិសម៉ាឡេស៊ីបានទទួលស្គាល់ថា ខ្លួនពិតជាបានត្រួតពិនិត្យទ្រព្យសម្បត្តិរបស់លោក ណាជីប ប្រាកដមែន តែមិនបានឱ្យដឹងអ្វីលម្អិតនោះទេ។ លោក ណាជីប រ៉ាក់ហ្សាក់ ត្រូវបានគេចោទប្រកាន់ថា បានកិបកេងលុយជាង ៧០០លានដុល្លារ ពីមូលនិធិ រដ្ឋ 1Malaysia Development Berhad (1MDB) ដែលលោកផ្ទាល់បង្កើតឡើងកាលពីឆ្នាំ២០០៩ ហើយវាក៏ជាមូលហេតុមួយធ្វើឱ្យ ប្រជាជនម៉ាឡេស៊ីបាត់បង់ទំនុកចិត្តលើរូបលោកផងដែរ៕