(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ មនុស្សយ៉ាងតិចចំនួន ១៩នាក់ បានបាត់បង់ជីវិត និងជាច្រើននាក់ទៀត ត្រូវគេជឿជាក់ថា បានជាប់កប់នៅក្រោមគំនរបាក់បែក ក្រោយពីស្ពានអាកាសមួយខ្សែ ដែលសាងសង់ពុំទាន់រួចនៅឡើយបានបាក់ស្រុត ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅឯរដ្ឋ យូតតាប្រាដែស (Uttar Pradesh) ភាគខាងជើងប្រទេសឥណ្ឌា៕
២៖ កន្រ្តកវិលធំជាងគេបង្អស់លើលោក ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការហើយ នៅខេត្តសានទុង (Shandong) ភាគខាងកើតប្រទេសចិននៅថ្ងៃពុធនេះ៕
៣៖ ស្ថានភាពហាក់ដូចជាកំពុងត្រឡប់ទៅរកភាពតានតឹងវិញ ក្រោយកូរ៉េខាងជើងព្រមានថា ខ្លួននឹងពិចារណាឡើងវិញលើការរៀបចំ ជំនួបជាមួយប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បើសិនជាទីក្រុងវ៉ាស៊ីនតោន នៅតែបង្ខំដដែលជាដដែលឱ្យខ្លួនបោះបង់ចោល អាវុធនុយក្លេអ៊ែរនោះ៕
៤៖ ប៉ូលិសឥណ្ឌូណេស៊ីនាថ្ងៃពុធនេះ បានបាញ់សម្លាប់បុរសចំនួន ០៣នាក់ បន្ទាប់ពីជនសង្ស័យម្នាក់ក្នុងចំណោមនោះ បានវាយប្រហារមកលើអាជ្ញាធរ ដោយប្រើដាវសាំមូរ៉ៃ និងបានបណ្តាលឲ្យមន្រ្តីប៉ូលិសពីរនាក់របួស នៅឯទីបញ្ជាការប៉ូលិស រាអ៊ូ (Riau) ក្នុងទីក្រុង ផេកាន់បារូ (Pekanbaru) លើកោះស៊ូម៉ាត្រា៕
៥៖ វិទ្យាស្ថាន NAI របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានផ្តល់មូលនិធិសម្រាប់រយៈពេល ០៥ឆ្នាំ ទៅកាន់ក្រុមស្រាវជ្រាវចំនួន ០៣ក្រុម ដែលនឹងធ្វើការតាមប្រមាញ់រុករកជីវិតក្រៅភព នៅក្នុងចក្រវាឡយើងនេះ៕
៦៖ កូរ៉េខាងជើងនៅថ្ងៃពុធនេះ បានប្រកាសលុបចោលកិច្ចសន្ទនាកម្រិតខ្ពស់ជាមួយកូរ៉េខាងត្បូង ដែលត្រូវធ្វើឡើងនៅថ្ងៃនេះ ហើយមិនតែប៉ុណ្ណោះទីក្រុងព្យុងយ៉ាង ក៏បានព្រមានលុបចោលកិច្ចប្រជុំកំពូល ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅខែក្រោយនេះផងដែរ ដោយសារតែការកំពុងធ្វើសមយុទ្ធយោធារវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនលើដីកូរ៉េខាងត្បូង៕