(ម៉ូស្គូ)៖ កងទ័ពស៊ីរីបានតម្លើង និងដាក់ឱ្យដំណើរការហើយនូវប្រព័ន្ធមីស៊ីលថ្មីមួយ នៅតាមជាយក្រុងដាម៉ាស់ ក្រោយមានការវាយប្រហារជាបន្តបន្ទាប់ ពីកងយន្តហោះអ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨។
ប្រព័ន្ធមីស៊ីលថ្មីនេះឈ្មោះថា Golan-1000 គឺចង់សំដៅលើតំបន់ Golan ដែលត្រូវបានអ៊ីស្រាអែលដណ្ដើមយកទៅកាន់កាប់ នៅអំឡុងឆ្នាំ១៩៦៧ ក្នុងសង្រ្គាម ០៦ថ្ងៃ ជាមួយបណ្តាប្រទេសអារ៉ាប់។ Golan-1000 ត្រូវដាក់ឱ្យដំណើរការ និងស្ថិតនៅក្រោមការគ្រប់គ្រង របស់កងពលធំរថក្រោះលេខ ០៤ នៃកងទ័ពស៊ីរី ហើយវាត្រូវបំពាក់លើរថក្រោះ T-72។ ប្រព័ន្ធមីស៊ីលនេះមានគ្រាប់មីស៊ីលចំនួន០៣ ក្នុងនោះមីស៊ីលមួយគ្រាប់មានប្រវែង ៥០០មីលីម៉ែត្រ និងទម្ងន់ ៥០០គីឡូក្រាម។
គួរជម្រាបថា ការតម្លើងប្រព័ន្ធមីស៊ីល Golan-1000 របស់កងទ័ពស៊ីរី កើតមានឡើងនៅចំពេលអ៊ីស្រាអែល កំពុងបង្កើនសកម្មភាពយោធានៅស៊ីរី តាមរយៈការវាយប្រហារតាមផ្លូវអាកាស លើក្រុមអ្នកប្រយុទ្ធអ៊ីរ៉ង់ និងកងកម្លាំងស្ម័គ្រស្មោះនឹងប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាស្សាដ។ មិនតែប៉ុណ្ណោះ ក្រុមអ្នកជំនាញខ្លះក៏យល់ដែរថា ស៊ីរី បាននិងកំពុងក្លាយជាកន្លែងដណ្ដើមឥទ្ធិពល នៅតំបន់មជ្ឈិមបូព៌ារវាងសហរដ្ឋអាមេរិក និងរុស្ស៊ី៕