(វ៉ាទីកង់)៖ សម្តេច ប៉ាប ហ្វ្រង់ស៊ីស នាថ្ងៃពុធនេះបានថ្លែងថ្កោលទោសធ្ងន់ៗ ទៅលើការសម្លាប់ជីវិតជនជាតិប៉ាឡេស្ទីន នៅក្បែរព្រំដែនហ្គាហ្សា-អ៊ីស្រាអែល ដោយថា ការធ្វើបែបនេះនឹងនាំទៅរកឲ្យមានការផ្ទុះអំពើហិង្សាកាន់តែអាក្រក់ ហើយសម្តេចក៏បានទទូចឲ្យមានការបើកកិច្ចសន្ទនាចរចា ដើម្បីនាំយកយុត្តិធម៌ និងសន្តិភាព ជូនដល់តំបន់មជ្ឈិមបូព៌ាផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨។
ថ្លែងទៅកាន់ទៅមនុស្សរាប់ពាន់នាក់ ដែលបានជួបជុំគ្នានៅឯទីលាន សង់ភីធើ (Saint Peter's Square) សម្តេច ប៉ាប ហ្រ្វង់ស៊ីស បានមានព្រះបន្ទូលយ៉ាងដូច្នេះថា «ខ្ញុំសូមសម្តែងក្តីឈឺចាប់យ៉ាងក្តុកក្តួលក្នុងចិត្ត ចំពោះអ្នកដែលបានស្លាប់ក៏ដូចជារងរបួស ហើយខ្ញុំសូមធ្វើការបួងសួង និងផ្តល់ក្តីស្រឡាញ់ ព្រមទាំងការអាណិតអាសូរដល់អ្នកទាំងអស់ ដែលកំពុងរងទុក្ខហ្មងសៅ។ រូបខ្ញុំសូមបញ្ជាក់ជាដដែលៗថា ការប្រើអំពើហិង្សានឹងគ្មានថ្ងៃនាំទៅរកសន្តិភាពនោះឡើយ ព្រោះថាសង្រ្គាមបង្កើតសង្រ្គាម ហើយហិង្សាបង្កើតហិង្សា»។
គួរជម្រាបថា កងទ័ពអ៊ីស្រាអែល បានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៦០នាក់ នៅក្បែរព្រំដែនហ្គាហ្សា-អ៊ីស្រាអែល កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ នាអំឡុងនៃការធ្វើបាតុកម្ម ប្រឆាំងនឹងការបើកសម្ពោធជាផ្លូវការ នូវស្ថានទូតអាមេរិក ដែលបានរើពីទីក្រុងតែលអាវីវ ទៅកាន់ទីក្រុងហ្សេរុយសាឡឹមវិញ៕