(គូឡាឡាំពួ)៖ អតីតឧបនាយករដ្ឋមន្ត្រី និងមេបក្សប្រឆាំងម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាននិយាយថា ពន្លឺថ្មីមួយកំពុងរះឡើងសម្រាប់ប្រជាជនម៉ាឡេស៊ី ដែលបានបោះឆ្នោតគំាទ្រគណបក្ស ផាលាតាន់ ហារ៉ាផាន់ (Pakatan Harapan) ឬ PH និងការផ្លាស់ប្ដូរនៅម៉ាឡេស៊ី។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨។
លោក Anwar ធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីលោកត្រូវបានព្រះមហាក្សត្រ ស៊ូលតង់ មូហាំម៉ាដទី ៥ (Sultan Muhammad V) លើកលែងទោសនៅ
ថ្ងៃពុធនេះ។ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាននៅខាងក្រៅផ្ទះរបស់លោក ក្រោយចូលគាល់ព្រះមហាក្សត្រ លោក Anwar បានសម្ដែងការដឹងគុណដល់អ្នកឡាយ ដែលបានតស៊ូដើម្បីសេរីភាពរបស់លោក។
«យើងបានស្នើសុំការលើកលែងទោស មិនមែនបិទបាំងកំហុសរបស់យើងនោះទេ ប៉ុន្តែដោយសារតែវាគឺជាការរំលោភអំណាច...។ ខ្ញុំត្រូវបានលាងជម្រះពីរាល់ការចោទប្រកាន់ទាំងអស់ ហើយដែលនេះគឺជាពន្លឺថ្មីមួយសម្រាប់ប្រជាជនម៉ាឡេស៊ី ដែលបានបោះឆ្នោតគាំទ្ររដ្ឋាភិបាលថ្មី នៃគណបក្ស Pakatan Harapan (PH)»។ នេះជាការលើកឡើងរបស់លោក Anwar Ibrahim នៅក្នុងសន្និសីទសារព័ត៌មានជាលើកដំបូងជាមួយភរិយា លោកស្រី វ៉ាន អាហ្ស៊ីហ្សាហ៍ វ៉ាន អ៊ីស្មែល (Wan Azizah Wan Ismail) ដែលទើបតែក្លាយជាឧបនាយករដ្ឋមន្រ្តី។
គួរបញ្ជាក់ថា នៅពេលត្រូវបានគេសាកសួរថា តើនៅពេលណាទើបលោកទទួលអំណាចពីលោក មហាធា មហាម៉េដ ក្នុងនាមជានាយករដ្ឋមន្ត្រី លោក Anwar បានអះអាងថា លោក និងភរិយាលោកស្រី Wan Azizah ចង់បានការគាំទ្រចាំបាច់នានាដើម្បីធានាថា របៀបវារៈសម្រាប់ការធ្វើកំណែទម្រង់ នឹងប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធិភាព៕