(សេអ៊ូល)៖ ស្ថានភាពហាក់ដូចជាកំពុងត្រឡប់ទៅរកភាពតានតឹងវិញ ក្រោយកូរ៉េខាងជើងព្រមានថា ខ្លួននឹងពិចារណាឡើងវិញលើការរៀបចំ ជំនួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បើសិនជាទីក្រុងវ៉ាស៊ីនតោន នៅតែបង្ខំដដែលជាដដែលឱ្យខ្លួនបោះបង់ចោលអាវុធនុយក្លេអ៊ែរនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨។
បើតាមការគ្រោងទុក ជំនួបកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនាក្នុងប្រទេសសិង្ហបុរី។ ប៉ុន្តែមុនជំនួបនេះកើតឡើង ភាពតានតឹងស្រាប់តែផ្ទុះឡើងជាថ្មី បន្ទាប់ពីកូរ៉េខាងជើងសម្រេចចិត្តលុបចោលកិច្ចប្រជុំកម្រិត ខ្ពស់ជាមួយកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ ដោយសារតែការធ្វើសមយុទ្ធយោធារវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន។
ដោយឡែកជុំវិញបញ្ហានេះដែរ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ផ្អែកលើការស្រង់សម្ដីពីអនុរដ្ឋមន្ត្រីការបរទេស លោក គីម គ្យេក្វាន (Kim Kye-gwan) បានឱ្យដឹងយ៉ាងដូច្នេះថា «បើសិនជាសហរដ្ឋអាមេរិកបង្ខំពួកយើង និងសម្រេចចិត្តឯកតោភាគីដោយស្នើជាដដែលៗឱ្យយើង បោះបង់ចោលអាវុធនុយក្លេអ៊ែរ យើងនឹងមិនចាប់អារម្មណ៍ទៀតឡើយលើកិច្ចសន្ទនា ហើយយើងនឹងពិចារណាឡើងវិញថា តើយើង គួរតែត្រូវទទួលយកជំនួបកំពូលកូរ៉េខាងជើង-អាមេរិក ឬក៏យ៉ាងណា»។
គួរបញ្ជាក់ថា ប្រតិកម្មរបស់កូរ៉េខាងជើងនៅពេលនេះ បានកើតមានឡើង ទំនងដោយសារតែសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និង កូរ៉េខាងជើង ដែលកំពុងប្រព្រឹត្តទៅរហូតដល់រយៈពេល ០២សប្ដាហ៍ ដោយផ្ដើមពីថ្ងៃទី១១ ខែឧសភា នៅលើទឹកដីកូរ៉េខាងត្បូង។ សមយុទ្ធយោធាប្រចាំឆ្នាំឈ្មោះ Max Thunder មានការចូលរួមពីយន្ដហោះចម្បាំងជាង ១០០គ្រឿង ដែលនេះត្រូវបានទីក្រុងព្យុងយ៉ាងចាត់ ទុកថា គឺជាសកម្មភាពត្រៀមឈ្លានពានប្ដូររបបដឹកនាំ លោក គីម ជុងអ៊ុន៕