(ហ្សាការតា)៖ ប៉ូលិសឥណ្ឌូណេស៊ីនាថ្ងៃពុធនេះ បានបាញ់សម្លាប់បុរសចំនួន ០៣នាក់ បន្ទាប់ពីជនសង្ស័យម្នាក់ក្នុងចំណោមនោះ បានវាយប្រហារមកលើអាជ្ញាធរ ដោយប្រើដាវសាំមូរ៉ៃ និងបានបណ្តាលឲ្យមន្រ្តីប៉ូលិសពីរនាក់របួស នៅឯទីបញ្ជាការប៉ូលិស រាអ៊ូ (Riau) ក្នុងទីក្រុង ផេកាន់បារូ (Pekanbaru) លើកោះស៊ូម៉ាត្រា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨។
បើតាមរបាយការណ៍របស់ប៉ូលិសឥណ្ឌូណេស៊ី បុរសម្នាក់ក្នុងចំណោមជនសង្ស័យទាំង ០៣នាក់ខាងលើ បានបំពាក់គ្រាប់បែកជាប់នឹងខ្លួនរបស់គេ។ ក្រៅពីនេះបុរសម្នាក់ទៀត ក៏ត្រូវបានចាប់ឃាត់ខ្លួនផងដែរ ខណៈជនសង្ស័យប្រហែល ០៤នាក់ផ្សេងទៀត ទំនងជាបានរត់គេចខ្លួនពីកន្លែងកើតហេតុ។
គួរជម្រាបថា បើតាមប្រភពដដែលបុរសជាជនសង្ស័យទាំងប៉ុន្មានខាងលើ បានបើករថយន្តមួយគ្រឿង សំដៅមកកាន់បរិវេណនៃស្ថានីយប៉ូលិស មុនធ្វើសកម្មភាពវាយប្រហារខាងលើនេះ។ អំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ករណីវាយប្រហារជាបន្តបន្ទាប់ ជាពិសេសនោះគឺការបំផ្ទុះគ្រាប់បែកអត្តឃាតតែម្តង បានអុកលុកប្រទេសឥណ្ឌូណេស៊ីជាខ្លាំង និងផ្តាច់ជីវិតមនុស្សជាច្រើននាក់ ដោយកាលពីដើមសប្តាហ៍នេះ ស្ថានីយប៉ូលិសនៅក្នុងក្រុង សារ៉ាបេយ (Sarabay) នៃខេត្តជ្វាភាគខាងកើត ទើបតែបានទទួលរងការបំផ្ទុះគ្រាប់បែកហើយប៉ុណ្ណោះ៕