(សេអ៊ូល)៖ ការសម្រេចចិត្តរបស់កូរ៉េខាងជើងលុបចោលជំនួបកំពូល ថ្នាក់រដ្ឋមន្ត្រីអន្តរកូរ៉េនៅថ្ងៃពុធនេះ គឺជារឿងគួរឱ្យសោកស្ដាយ និងផ្ទុយពីសេចក្ដីសម្រេចជាប្រវត្តិសាស្ត្រដែលប្រកាសដោយមេដឹកនាំកូរ៉េទាំងពីរកាលពីចុងខែមេសា។ នេះបើតាមក្រសួងបង្រួបបង្រួមជាតិ កូរ៉េខាងត្បូងដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក បេក តែយុន (Baik Tae-hyun) បានលើកឡើងដូច្នេះថា «ការសម្រេចចិត្តឯកតោភាគីរបស់កូរ៉េខាងជើង លុបចោលជំនួបកម្រិតខ្ពស់រវាងកូរ៉េខាងទាំងពីរ ដោយសំអាងលើសមយុទ្ធ យោធាប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង គឺជារឿងគួរឱ្យសោកស្ដាយ និងផ្ទុយពីសេចក្ដីជាប្រវត្តិសាស្ត្រ Panmunjom ដែលប្រកាសដោយមេដឹកនាំកូរ៉េទាំងពីរកាលពីចុងខែមេសា»។ បន្ថែមពីលើនេះ លោក Baik ក៏បានជំរុញផងដែរឱ្យកូរ៉េខាងជើង ងាករកតុចរចាវិញ ហើយថាសេចក្ដីថ្លែងការណ៍ផ្លូវការមួយ នឹងត្រូវបញ្ជូនទៅកាន់កូរ៉េខាងជើងនៅថ្ងៃពុធនេះ។
គួររំលឹកថា កាលពីថ្ងៃអង្គារកូរ៉េខាងត្បូងបានអះអាងថា កូរ៉េខាងជើង បានស្នើឱ្យរៀបចំកិច្ចប្រជុំកម្រិតខ្ពស់មួយនៅថ្ងៃពុធនេះ។ ប៉ុន្តែនៅថ្ងៃពុធនេះ ទីក្រុងព្យុងយ៉ាងស្រាប់តែប្រកាសលុបចោលទៅវិញ ជាមួយនិងការព្រមានលុបចោលជំនួបកំពូលរវាងលោក ត្រាំ និងលោក គីម ទៀតផង ដោយសារតែសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលកំពុងប្រព្រឹត្តទៅនៅលើទឹកដី កូរ៉េខាងត្បូងក្រោមការចូលរួមពីយន្ដហោះចម្បាំងជាង ១០០គ្រឿង។ សម្រាប់កូរ៉េខាងជើងការធ្វើសមយុទ្ធរបៀបនេះ គឺប្រៀបបានទៅ នឹងសកម្មភាពត្រៀមឈ្លានពានទីក្រុងព្យុងយ៉ាង៕