ឥណ្ឌា៖ ស្ពានអាកាសកំពុងស្ថិតក្នុងសាងសង់ «ស្រាប់តែបាក់ចុះមក និងសង្កត់មនុស្សស្លាប់១៩នាក់»
16-05-2018 11:01
(ញូដេលី)៖ មនុស្សយ៉ាងតិចចំនួន ១៩នាក់ បានបាត់បង់ជីវិត និងជាច្រើននាក់ទៀត ត្រូវគេជឿជាក់ថា បានជាប់កប់នៅក្រោមគំនរបាក់បែក ក្រោយពីស្ពានអាកាសមួយខ្សែ ដែលសាងសង់ពុំទាន់រួចនៅឡើយបានបាក់ស្រុត ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅឯរដ្ឋ យូតតាប្រាដែស (Uttar Pradesh) ភាគខាងជើងប្រទេសឥណ្ឌា។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨។
មកទល់ពេលនេះសាកសព ១៩នាក់ ត្រូវបានគេទាញចេញពីគំនរបាក់បែក ខណៈមនុស្សយ៉ាងតិចចំនួន ៣០នាក់ បានរងរបួសធ្ងន់និងស្រាល ប៉ុន្តែអាជ្ញាធរឥណ្ឌា ព្រួយបារម្ភថា ចំនួនមនុស្សស្លាប់អាចនឹងមានការកើនឡើងថែមទៀត ពីព្រោះថា អាចនៅមានអ្នកជាប់ខ្លួនជាច្រើននាក់ទៀត។ ស្ពានអាកាសខាងលើបានបាក់ស្រុតនៅសង្កាត់ វ៉ារ៉ាណាស៊ី (Varanasi) ចម្ងាយប្រហែល ៣០៦គីឡូម៉ែត្រ ភាគខាងអាគ្នេយ៍ទីក្រុងឡាក់ណាវ (Lucknow) នៃរដ្ឋ Uttar Pradesh។
គួរជម្រាបថា ជុំវិញសោកនាដកម្មដ៏អាក្រក់នេះ រដ្ឋមន្រ្តីនៃរដ្ឋ Uttar Pradesh បានចូលរួមមរណៈទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងបានប្រកាសប្រគល់ថវិកាចំនួន ៧,៣២២ដុល្លារ ដល់សម្រាប់គ្រួសារនៃអ្នកដែលបានស្លាប់ និង ២,៩២៨ដុល្លារ ទៅដល់អ្នកដែលបានទទួលរងរបួស។ ជាមួយគ្នានេះការស៊ើបអង្កេត ក៏ត្រូវបានបើកទៅលើហេតុការណ៍នេះផងដែរ៕