(អាមេរិក)៖ វិទ្យាស្ថាន NAI របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានផ្តល់មូលនិធិសម្រាប់រយៈពេល ០៥ឆ្នាំ ទៅកាន់ក្រុមស្រាវជ្រាវចំនួន ០៣ក្រុម ដែលនឹងធ្វើការតាមប្រមាញ់រុករកជីវិតក្រៅភព នៅក្នុងចក្រវាឡយើងនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីព វែបសាយ Space.com នៅព្រឹកថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨។
ក្រោមកិច្ចផ្តួចផ្តើមដើម្បីធ្វើការស្រាវជ្រាវទៅលើលទ្ធភាព នៃវត្តមានជីវិតនៅក្នុងចក្រវាឡ ក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិខាងលើ ដែលត្រូវបានជ្រើសរើសដោយអង្គការ NASA ក្នុងមួយក្រុមនឹងទទួលបានថវិកាឧបត្ថម្ភប្រមាណ ០៨លានដុល្លារ សម្រាប់រយៈពេល ០៥ឆ្នាំ ដើម្បីបំពេញការងារតាមស្វែងរកជីវិតអេលៀនរបស់ពួកគេ។
ការស្វែងរកជីវិតអេលៀន គឺជាបេសកកម្មនាំមុខមួយសម្រាប់ NASA ដើម្បីស្វែងរកជីវិតណាមួយ ដែលអាចកើតមាននៅទីកន្លែងផ្សេងក្រៅពីភពផែនដី មិនថាតែនៅព្រះច័ន្ទ ឬក៏ភពផ្សេងៗនៅក្នុងប្រព័ន្ធព្រះអាទិត្យយើង ឬមួយក៏ភពអេលៀនផ្សេងទៀត ដែលកំពុងគោចរនៅជុំវិញផ្កាយផ្សេង ដែលមានចម្ងាយរាប់ឆ្នាំពន្លឺពីយើងនោះឡើយ។
គួរជម្រាបថា ទីភ្នាក់ងារអវកាស NASA មានបេសកកម្មមួយចំនួន ដែលនឹងផ្តល់ទិន្នន័យ នៅក្នុងការស្វែងរកជីវិតក្រៅភពក្នុងនោះរួមមាន បេសកកម្មកែវយឺតអវកាស TESS ដែលកំពុងធ្វើដំណើរទៅតាមរុករកភពថ្មី នៅជុំវិញប្លុកផ្កាយដែលនៅក្បែរយើងបំផុត, របកគំហើញរបស់យានអវកាស Cassini នៃសមាសធាតុផ្សំដែលសំខាន់សម្រាប់ជីវិត នៅក្នុងបរិយាកាសនៃ Enceladus ដែលជាព្រះច័ន្ទរបស់ភពសៅរ៍ (Saturn), បេសកកម្មយានអវកាស Europa Clipper ដែលត្រូវបានគេគ្រោងនឹងទៅធ្វើការស្រាវជ្រាវរុករកនៅលើព្រះច័ន្ទ Europa របស់ភពព្រហស្បតិ៍ (Jupiter), និងបេសកកម្មយានរ៉ូវើឆ្នាំ២០២០៕