(ហ្សាការតា)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.១រ៉ិចទ័រ បានវាយប្រហារខេត្តប៉ាពួ (Papua) ដែលស្ថិតនៅក្នុងតំបន់ប៉ែកខាងកើត នៃប្រទេសឥណ្ឌូណេស៊ីនាថ្ងៃពុធនេះ ដោយវាបានញ័រចេញពីក្នុងជម្រៅដី ១១១គីឡូម៉ែត្រ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨។
គួរជម្រាបថា ប្រទេសឥណ្ឌូណេស៊ីងាយនឹងកើតមានគ្រោះរញ្ជួយដី ដោយសារតែប្រទេសអាស៊ានមួយនេះ ស្ថិតនៅចំពីលើតំបន់ខ្សែក្រវាត់ភ្នំភ្លើងប្រចាំមហាសមុទ្រប៉ាស៊ីហ្វិក ដែលគេហៅថា «The Pacific Ring of Fire» ដូចទៅហ្នឹងហ្វីលីពីន ក៏ដូចជាជប៉ុនដែរ។
យ៉ាងណាមិញ សម្រាប់គ្រោះរញ្ជួយផែនដីខាងលើនេះ គេពុំទាន់ដឹងច្បាស់នៅឡើយទេថា តើវាបានបង្កឲ្យមានមនុស្សរងគ្រោះ ឬក៏បំផ្លិចបំផ្លាញដែរឬក៏អត់នោះទេ៕