(ម៉ូស្គូ)៖ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ សហរដ្ឋអាមេរិកបានបើកស្ថានទូតរបស់ខ្លួនជាផ្លូវការក្នុងទីក្រុងហ្សេរុយសាឡឹម ដើម្បីបញ្ជាក់ប្រាប់ពិភពលោក និងបណ្ដាប្រទេសអារ៉ាប់ទាំងអស់ ជាពិសេសគឺប៉ាឡេស្ទីនថា ទីក្រុងមួយនេះគឺជាកម្មសិទ្ធិផ្ដាច់មុខរបស់អ៊ីស្រាអែល។ ប៉ុន្តែក្នុងថ្ងៃជាមួយគ្នាបាតុករប៉ាឡេស្ទីន ៥៩នាក់ ត្រូវបានទាហានអ៊ីសា្រអែលបាញ់សម្លាប់ និងជិត ៣,០០០នាក់រងរបួស ហើយដែលការបង្រ្កាបនេះ ក្រុមអ្នកជំនាញយល់ថា ជាយុទ្ធសាស្ត្រផ្លាស់ប្ដូរប្រជាសាស្ត្ររបស់អ៊ីស្រាអែល និងហ្សេរុយសាឡឹម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Sputnik នៅថ្ងៃអង្គារសប្តាហ៍ លោក Soheir Asaad ដែលជាមេធាវីម្នាក់មកពីមជ្ឈមណ្ឌលច្បាប់ សម្រាប់សិទ្ធិជនជាតិអារ៉ាប់ភាគតិចក្នុងប្រទេសអ៊ីសា្រអែល បានលើកឡើងថា ការបន្តសកម្មភាពឈ្លានពានរបស់អ៊ីស្រាអែលលើប៉ាឡេស្ទីន គឺជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងការផ្លាស់ប្ដូរផ្នែកប្រជាសាស្ត្រ (ចំនួនប្រជាជន) អ៊ីសា្រអែល និងហ្សេរុយសាឡឹម។
លោក Soheir គូសបញ្ជាក់ដូច្នេះថា «ក្នុងរយៈពេលប៉ុន្មានខែថ្មីៗមកនេះ យើងបានឃើញថា ច្បាប់មួយរបស់អ៊ីស្រាអែល គឺមានគោលដៅគ្រប់គ្រងប្រជាសាស្ត្រ ពោលគឺពួកគេមានបំណងបង្កើនចំនួនប្រជាជនអ៊ីស្រាអែល នៅក្នុងទីក្រុងហ្សេរុយសាឡឹម ជាពិសេសទីក្រុងហ្សេរុយសាឡឹមភាគខាងកើត។ ម្យ៉ាងវិញទៀត ឧបសម្ព័ន្ធដែនដីជាឧទាហរណ៍ស្រាប់នោះ គឺនាពេលថ្មីៗនេះ ច្បាប់ចំនួនបីត្រូវបានអ៊ីស្រាអែលអនុម័ត ឡើងក្នុងនោះមានច្បាប់ពីរមានគំរោងបង្កើតឧបសម្ព័ន្ធចំនួន ០៥ នៅជុំវិញទីក្រុងហ្សេរុយសាឡឹម ដែលនេះមានន័យថា ជនជាតិអ៊ីស្រាអែល ២៨០,០០០នាក់ អាចនឹងត្រូវបញ្ជូនឱ្យទៅរស់នៅបន្ថែមក្នុងទីក្រុងហ្សេរុយសាឡឹម»។
គួរបញ្ជាក់ថា បើតាមលោក Soheir Asaad អ៊ីស្រាអែលនឹងមិនបញ្ឈប់សកម្មភាពឈ្លានពានរបស់ខ្លួនទេ រីឯប៉ាឡេស្ទីនវិញអាចនឹង ព្យាយាមបង្កើតសម្ព័ន្ធមិត្តអន្តរជាតិកាន់តែច្រើន៕