(យូអិន)៖ សហរដ្ឋអាមេរិកបានសម្រេចរារាំងការអនុម័ត នៃសេចក្តីថ្លែងការណ៍មួយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានបំណងអំពាវនាវឲ្យបើកការស៊ើបអង្កេតឯករាជ្យមួយ ទៅលើអំពើហិង្សាដ៏មហាប្រល័យ នៅតំបន់ព្រំដែនអ៊ីស្រាអែល-ហ្គាហ្សា។ នេះបើតាមការបង្ហើបឲ្យដឹងពីក្រុមមន្រ្តីទូត UN ដកស្រង់ដោយ ទីភ្នាក់ងារបារាំង AFP នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែឧសភា ឆ្នាំ២០១៨។
បើតាមទីភ្នាក់ងារព័ត៌មាន AFP ក្រុមប្រឹក្សាសន្តិសុខ UN នៅក្នុងសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍ខាងលើ បានសម្តែងការខឹងសម្បារ និងការសោកស្តាយរបស់ខ្លួន ចំពោះការសម្លាប់អាយុជីវិតជនស៊ីវិលប៉ាឡេស្ទីន ដែលព្យាយាមប្រើប្រាស់សិទ្ធិរបស់ពួកគេ ក្នុងការធ្វើបាតុកម្មដោយសន្តិវិធី។ បន្ថែមពីនេះ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ក៏បានអំពាវនាវឲ្យមានការស៊ើបអង្កេតប្រកបដោយឯករាជ្យភាព និងតម្លាភាព ទៅលើទង្វើទាំងនេះផងដែរ ដើម្បីធានាឲ្យបាននូវការទទួលខុសត្រូវ។
គួរជម្រាបថា នៅក្នុងការផ្ទុះអំពើហិង្សាយ៉ាងព្រៃផ្សៃរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីនស្របពេលដែលស្ថានទូតអាមេរិកថ្មីនៅទីក្រុងហ្សេរុយសាឡឹម ត្រូវបានបើកសម្ពោធនោះជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៥៩នាក់ បានស្លាប់ និងជិត ៣,០០០នាក់ បានទទួលរងរបួស៕