(វ៉ាស៊ីនតោន)៖ លោកជំទាវទីមួយរបស់សហរដ្ឋអាមេរិក គឺលោកស្រី មេឡានៀ ត្រាំ (Melania Trump) ត្រូវគេអះអាងថា ទើបតែបានទទួលការវះកាត់ផ្នែកក្រលៀន ខណៈសេតវិមានអាមេរិកបានបញ្ជាក់ថា ស្ថានភាពក្រលៀនរបស់លោកស្រី ពុំមានផលប៉ះពាល់ធ្ងន់ធ្ងរអ្វីទៀតឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែឧសភា ឆ្នាំ២០១៨។
បើតាមអ្នកនាំពាក្យនៃការិយាល័យរបស់លោកស្រី ជំទាវទីមួយអាមេរិក Melania បានទទួលការវះកាត់ខាងលើដោយជោគជ័យ ដោយពុំមានបញ្ហាអ្វីឡើយ នៅឯមជ្ឈមណ្ឌលវេជ្ជសាស្រ្តយោធាជាតិ Walter Reed ខណៈភរិយាប្រធានាធិបតីអាមេរិករូបនេះ ដែលស្ថិតក្នុងវ័យ ៤៨ឆ្នាំ ត្រូវគេរំពឹងថា នឹងត្រូវចំណាយពេលមួយសប្តាហ៍នេះ សម្រាកយកកម្លាំងឡើងវិញ នៅឯមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Walter Reed ដែលស្ថិតនៅតំបន់ Bethesda នៃរដ្ឋ Maryland ជាប់រដ្ឋធានីវ៉ាស៊ីនតោន។
ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញដំណើរដើម្បីទៅសួរសុខទុក្ខភរិយាសំណប់ចិត្តរបស់លោក ដោយផ្ទាល់ផងដែរ៕