(អូទ្រីស)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានសាទរចំពោះគម្រោងរុះរើចោល ទីតាំងធ្វើតេស្តអាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសកូរ៉េខាងជើង និងសង្កត់ធ្ងន់ថា វាជាជំហានដ៏សំខាន់នៃការកសាងទំនុកចិត្ត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែឧសភា ឆ្នាំ២០១៨។
ថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងវីយែន (Vienna) នៃប្រទេសអូទ្រីស ដើម្បីចូលរួមសន្និសីទ UN លោក Guterres បាននិយាយដូច្នេះថា «ខ្ញុំសូមចូលរួមស្វាគមន៍រឿងនេះ និងដើម្បីនិយាយថា ការបិទទីតាំងធ្វើតេស្តនុយក្លេអ៊ែរ ដែលពុំអាចបកក្រោយបាននេះ នឹងក្លាយជាវិធានការកសាងទំនុកចិត្តដ៏សំខាន់មួយ ដែលនឹងចូលរួមចំណែកបង្កើនកិច្ចប្រឹងប្រែង ឆ្ពោះទៅលើការលុបបំបាត់អាវុធនុយក្លេអ៊ែរដែលអាចទទួលយកបាន ព្រមទាំងសន្តិភាពប្រកបដោយចីរភាព នៅឧបទ្វីបកូរ៉េ»។
គួរជម្រាបថា កូរ៉េខាងជើងកាលពីចុងសប្តាហ៍មុន បានប្រកាសពីការសម្រេចចិត្តរបស់ខ្លួន ជុំវិញការរុះរើក៏ដូចជាកម្ទេចមូលដ្ឋាន ធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ ផុងគ្យេរី (Punggye-ri) ដែលស្ថិតនៅលើភាគខាងជើងប្រទេសចោល។ ជាមួយគ្នានេះ លោក Guterres ក៏បានបង្ហាញក្តីសង្ឃឹមទៀតថា បញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ នឹងទទួលបានលទ្ធផលវិជ្ជមានថែមទៀត នៅក្នុងជំនួបកំពូលជាប្រវត្តិសាស្រ្តរវាងមេដឹកនាំសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នៅប្រទេសសិង្ហបុរីនាថ្ងៃទី១២ ខែមិថុនាខាងមុខ៕