(សេអ៊ូល)៖ វិមានប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះបានឱ្យដឹងថា កូរ៉េខាងជើងបានស្នើមកកាន់កូរ៉េខាងត្បូង ឱ្យរៀបចំកិច្ចប្រជុំកំរិតខ្ពស់មួយថ្ងៃពុធស្អែកនេះ នៅឯភូមិផាន់មុនចុម (Panmunjom) នៃតំបន់ព្រំដែនគ្មានយោធារវាងប្រទេសទាំងពីរ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែឧសភា ឆ្នាំ២០១៨។
យោងតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង ទីក្រុងព្យុងយ៉ាងបានស្នើឱ្យមានការរៀបចំកិច្ចប្រជុំកំរិតខ្ពស់មួយ នៅឯអគារសន្តិភាពនៃភូមិ Panmunjom ស្ថិតនៅប៉ែកទឹកដីកូរ៉េខាងត្បូង។ ចំណែកឯទីក្រុងសេអ៊ូលវិញ ក៏ត្រូវបានគេរាយការណ៍ថា នឹងផ្ញើកំណត់សម្គាល់មួយទទួលយកសំណើនេះ ទៅកាន់កូរ៉េខាងជើងវិញដែរ។
គួរបញ្ជាក់ថា ការស្នើរៀបចំកិច្ចប្រជុំរបស់កូរ៉េខាងជើង កើតមានឡើងក្រោយមេដឹកនាំកូរ៉េទាំងពីរ បានជួបគ្នាក្នុងកិច្ចប្រជុំកំពូលអន្តរកូរ៉េលើកទី ៣ កាលពីថ្ងៃទី២៧ ខែមេសាកន្លងទៅ និងនៅមុនពេលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ ត្រូវជួបគ្នាក្នុងប្រទេសសិង្ហបុរី នៅថ្ងៃ១២ ខែមិថុនាខាងមុខនេះ៕