(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនយ៉ាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា ការបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីន ៥៨នាក់ (តួលេខថ្មីរបស់សារព័ត៌មាន Reuters ចេញផ្សាយមុននេះបន្តិច) ដោយទាហានអ៊ីស្រាអែល នៅឯតំបន់ហ្កាហ្សាគឺជាការការពារខ្លួនតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែឧសភា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសុន្ទរកថារបស់ខ្លួន លោក ណេតាន់យ៉ាហ៊ូ បានគូសបញ្ជាក់ដូច្នេះថា «ប្រទេសនីមួយៗមានសិទ្ធិការពារព្រំដែនរបស់ខ្លួន»។ នាយករដ្ឋមន្ត្រីរូបនេះបន្ថែមថា «ក្រុមអង្គការភេរវករហាម៉ាស់ បានប្រកាសពីបំណងរបស់ពួកគេ ក្នុងការបំផ្លាញអ៊ីស្រាអែល និង បញ្ជូនសមាជិករបស់ពួកគេរាប់ពាន់នាក់ មកបង្កចលាចលនៅតាមតំបន់ព្រំដែន ដើម្បីសម្រេចវត្ថុបំណងនេះ។ យើងនឹងបន្តធ្វើសកម្មភាពជាមួយប្ដេជ្ញាចិត្តការពារដែនអធិបតេយ្យភាព និងប្រជាជនរបស់យើង»។
ក៏ប៉ុន្តែជុំវិញអំពើហិង្សានេះដែរ អាជ្ញាធរប៉ាឡេស្ទីនចាត់ទុកថា វាគឺជាការសម្លាប់រង្គាល រីឯអង្គការសហប្រជាជាតិហៅថា ជាការរំលោភបំពានសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ខណៈប្រធានាធិបតីតួកគី លោក រ៉េសិប តាយយីព អឺដូហ្គាន់ (Recep Tayyip Erdoğan) បានកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចំាប្រទេសអ៊ីស្រាអែល និងសហរដ្ឋអាមេរិកត្រឡប់មកស្រុកវិញ ក៏ដូចជាថ្កោលទោសផងដែរថា ទង្វើរបស់ ទាហានអ៊ីស្រាអែលជាបទប្រល័យពូសាសន៍ក្នុងនាមជារដ្ឋភេរវករ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទម្សិលមិញ ទាហានអ៊ីស្រាអែលត្រូវបានគេរាយការណ៍បានបាញ់សម្លាប់បាតុករប៉ាឡេស្ទីន ៥៥នាក់ និងនាំឲ្យរបួសជិត ៣,០០០នាក់ទៀត នៅអំឡុងពេលពួកគេនាំគ្នាធ្វើបាតុកម្មតវ៉ា នៅឯតំបន់ព្រំដែនហ្កាហ្សា ដើម្បីជំទាស់ទៅនឹងការបើកស្ថានទូតអាមេរិកថ្មី នៅក្នុងទីក្រុងហ្សេរុយសាឡឹម៕