(ហ្សេរុយសាឡឹម)៖ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បានឱ្យដឹងថា កងកម្លាំងអ៊ីស្រាអែល បានបាញ់សម្លាញ់បាតុកករប៉ាឡេស្ទីនយ៉ាងហោចណាស់៥២នាក់ និង២៤០០នាក់រងរបួស នៅតាមបណ្ដោយព្រំដែននៃតំបន់ហ្កាហ្សានៅថ្ងៃចន្ទនេះ ជាថ្ងៃដែលសហរដ្ឋអាមេរិក រៀបចំពិធីបើកសម្ពោធស្ថានទូតរបស់ខ្លួនជាផ្លូវការនៅក្នុងទីក្រុងហ្សេរុយសាឡឹម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែឧសភា ឆ្នាំ២០១៨។
យោងតាមក្រុមមន្ត្រីខាងលើដដែល មនុស្ស២៤០០នាក់ ក៏បានរងរបួសផងដែរ ដោយក្នុងនោះពួកគេភាគច្រើនរងរបួសដោយសារគ្រាប់កាំភ្លើងពិត។ អំពើហិង្សានេះ បានផ្ទុះឡើងនៅពេល បាតុករប៉ាឡេស្ទីនរាប់ពាន់នាក់ នាំគ្នាធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងការផ្លាស់ប្ដូរ ស្ថានទូតអាមេរិកពីទីក្រុងតែល អាវីល មកកាន់ទីក្រុងហ្សេរុយសាឡឹម នៅថ្ងៃចន្ទនេះ (ម៉ោងនៅក្នុងតំបន់) អនុឡោមតាមពាក្យសន្យារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការទទួលស្គាល់ថា ទីក្រុងហ្សេរុយសាឡឹម ដែលប្រជាជនប៉ាឡេស្ទីនចាត់ទុកថា ជាទឹកដីដ៏ពិសិដ្ឋរបស់ខ្លួន គឺជាទឹកដីផ្ដាច់មុខរបស់អ៊ីស្រាអែល។
គួរបញ្ជាក់ថា បើតាមការគ្រោងទុក ពិធីបើកស្ថានទូតអាមេរិក ក្នុងទីក្រុងហ្សេរុយសាឡឹម ត្រូវបានប្រព្រឹត្តទៅក្រោមការចូលរួមពីរដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោក ស្ទេវិន ម៉ានូជីន (Steven Mnuchin), កូនស្រីលោក ដូណាល់ ត្រាំ គឺអ្នកនាង អ៊ីវ៉ាន់កា (Ivanka) រួមទាំងស្វាមី និងជាទីប្រឹក្សាលោក ត្រាំ លោក ហ្សារែដ គូស្នឺ (Jared Kushner) ផងដែរ។ ប៉ុន្តែទន្ទឹមគ្នា គេមិនរំពឹងឡើយថាមន្ត្រី ទូតនៃបណ្ដាប្រទេសភាគច្រើនដទៃទៀត ចូលរួម ខណៈប្រទេសមួយចំនួនតូចដូចជា ហ្គាតេម៉ាឡា និងប៉ារ៉ាហ្កាយ បាននិយាយថា ពួកគេនឹងផ្លាស់ប្ដូរស្ថានទូតតាមសហរដ្ឋអាមេរិក៕