(ហ្សេរុយសាឡឹម)៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ បានបើកស្ថានទូតរបស់ខ្លួនជាផ្លូវការហើយនៅក្នុងទីក្រុងហ្សេរុយសាឡឹម ដើម្បី ទទួលស្គាល់ទីក្រុងមួយនេះជាកម្មសិទ្ធិផ្ដាច់មុខរបស់អ៊ីស្រាអែល ខណៈប្រជាជនប៉ាឡេស្ទីន៣៨នាក់ បានស្លាប់ក្នុងការប៉ះទង្គិចគ្នា ជាមួយទាហានអ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃចន្ទ ទី១៤ ខែឧសភា ឆ្នាំ២០១៨។

«នៅថ្ងៃនេះ យើងបានបើកស្ថានទូតអាមេរិកនៅក្នុងទីក្រុងហ្សេរុយសាឡឹម ប្រទេសអ៊ីសា្រអែល»។ នេះគឺជាការលើកឡើងរបស់
ប្រតិភូអាមេរិក លោក David Friedman នៅឯពិធីបើកសម្ពោធស្ថានទូតអាមេរិក ដែលមានការចូលរួមពីរដ្ឋមន្ត្រីរតនាគារជាតិ អាមេរិក លោក ស្ទេវិន ម៉ានូជីន (Steven Mnuchin), កូនស្រីលោក ដូណាល់ ត្រាំ គឺអ្នកនាង អ៊ីវ៉ាន់កា (Ivanka) រួមទាំងស្វាមី និងជាទីប្រឹក្សា​លោក ត្រាំ លោក ហ្សារែដ គូស្នឺ (Jared Kushner)។

ប៉ុន្តែទន្ទឹមគ្នា នឹងការបើកស្ថានទូតនេះ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៊ីស្រាអែលបានបាញ់សម្លាញ់បាតុករ ប៉ាឡេស្ទីនយ៉ាងហោចណាស់៣៨នាក់ នៅតាមបណ្ដោយព្រំដែននៃតំបន់ហ្កាហ្សា ខណៈមនុស្ស១,៣០០នាក់ក៏បានរងរបួស ផងដែរ ដោយក្នុងនោះពួកគេ ភាគច្រើនរងរបួសដោយសារគ្រាប់កាំភ្លើងពិត។

អំពើហិង្សានេះ បានផ្ទុះឡើងនៅពេល បាតុករប៉ាឡេស្ទីនរាប់ពាន់នាក់ នាំគ្នាធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងការផ្លាស់ប្ដូរស្ថានទូតអាមេរិក ពីទីក្រុងតែល អាវីល មកកាន់ទីក្រុងហ្សេរុយសាឡឹម អនុឡោមតាមពាក្យសន្យារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការទទួលស្គាល់ថាទីក្រុងហ្សេរុយសាឡឹម ដែលប្រជាជនប៉ាឡេស្ទីនចាត់ទុកថា ជាទឹកដីដ៏ពិសិដ្ឋរបស់ខ្លួនគឺជាទឹកដីផ្ដាច់មុខរបស់ អ៊ីស្រាអែល៕