(ហ្សេរុយសាឡឹម)៖ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បានឱ្យដឹងថាកងកម្លាំងអ៊ីស្រាអែល បានបាញ់សម្លាញ់បាតុកករប៉ាឡេស្ទីនយ៉ាង ហោចណាស់៣៨នាក់ នៅតាមបណ្ដោយព្រំដែននៃតំបន់ហ្កាហ្សា នៅថ្ងៃចន្ទនេះ ជាថ្ងៃដែលសហរដ្ឋអាមេរិក រៀបចំពិធីបើកសម្ពោធ ស្ថានទូតរបស់ខ្លួនជាផ្លូវការនៅក្នុងទីក្រុងហ្សេរុយសាឡឹម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែឧសភា ឆ្នាំ២០១៨។
យោងតាមក្រុមមន្ត្រីខាងលើដដែល មនុស្ស១,៣០០នាក់ ក៏បានរងរបួសផងដែរ ដោយក្នុងនោះពួកគេ ភាគច្រើនរងរបួសដោយសារគ្រាប់កាំភ្លើងពិត។ អំពើហិង្សានេះ បានផ្ទុះឡើងនៅពេល បាតុករប៉ាឡេស្ទីនរាប់ពាន់នាក់ នាំគ្នាធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងការផ្លាស់ប្ដូរ ស្ថានទូតអាមេរិកពីទីក្រុងតែល អាវីល មកកាន់ទីក្រុងហ្សេរុយសាឡឹម នៅថ្ងៃចន្ទនេះ (ម៉ោងនៅក្នុងតំបន់) អនុឡោមតាមពាក្យសន្យា របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការទទួលស្គាល់ថាទីក្រុងហ្សេរុយសាឡឹម ដែលប្រជាជនប៉ាឡេស្ទីនចាត់ទុកថា ជាទឹកដីដ៏ពិសិដ្ឋរបស់ខ្លួន គឺជាទឹកដីផ្ដាច់មុខរបស់អ៊ីស្រាអែល។
គួរបញ្ជាក់ថា បើតាមការគ្រោងទុក ពិធីបើកស្ថានទូតអាមេរិក ក្នុងទីក្រុងហ្សេរុយសាឡឹម នឹងត្រូវប្រព្រឹត្តទៅក្រោមការចូលរួមពីរដ្ឋ មន្ត្រីរតនាគារជាតិអាមេរិក លោក ស្ទេវិន ម៉ានូជីន (Steven Mnuchin), កូនស្រីលោក ដូណាល់ ត្រាំ គឺអ្នកនាង អ៊ីវ៉ាន់កា (Ivanka) រួមទាំងស្វាមី និងជាទីប្រឹក្សាលោក ត្រាំ លោក ហ្សារែដ គូស្នឺ (Jared Kushner) ផងដែរ។ ប៉ុន្តែទន្ទឹមគ្នា គេមិនរំពឹងឡើយថាមន្ត្រី ទូតនៃបណ្ដាប្រទេសភាគច្រើនដទៃទៀត ចូលរួម ខណៈប្រទេសមួយចំនួនតូចដូចជា ហ្គាតេម៉ាឡា និងប៉ារ៉ាហ្កាយ បាននិយាយថា ពួកគេនឹងផ្លាស់ប្ដូរស្ថានទូតតាមសហរដ្ឋអាមេរិក៕