(ញូដេលី)៖ ចំនួនមនុស្សស្លាប់បានកើនឡើងដល់៦៥នាក់ នៅទូទាំងប្រទេសឥណ្ឌា ក្រោយពីមានការបោកបក់វាយលុកពីសំណាក់ព្យុះធូលី និងផ្គររន្ទះ (រន្ទះបាញ់) ព្រមទាំងព្យុះភ្លៀងទៅលើរដ្ឋជាច្រើន ចាប់តាំងពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី១៤ ខែឧសភា ឆ្នាំ២០១៨។
ក្រៅពីមនុស្សស្លាប់ខាងលើនេះ មនុស្សប្រមាណជាង ៧០នាក់ផ្សេងទៀត ក៏បានទទួលរងរបួសធ្ងន់ និងស្រាលដោយសារព្យុះទាំងនេះផងដែរ ខណៈតំបន់ដែលបានរងផលប៉ះពាល់រួមមាន រដ្ឋយូតតាប្រាដែស (Uttar Pradesh), រដ្ឋវែសត៍ប៊ែងហ្គាល់ (West Bengal), រដ្ឋអាន់ដ្រាប្រាដែស (Andhra Pradesh), រដ្ឋ តេឡេងហ្គាណា (Telangana), និងរដ្ឋធានីញូដេលី ចាប់តាំងតែពីព្យុះបានវាយប្រហារមកលើរដ្ឋទាំងនេះ កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ ដោយបានគាស់រំលើងដើមឈើជាច្រើនដើម, ធ្វើឲ្យបង្គោលភ្លើងដួលរលំ, និងបង្កភាពរាំងស្ទះដល់មធ្យោបាយធ្វើដំណើរនានា។
គួរជម្រាបថា កាលពីអំឡុងដើមខែឧសភានេះ មនុស្សយ៉ាងតិចចំនួន ១២៤នាក់ បានបាត់បង់ជីវិត និងជាង ៣០០នាក់ បានរងរបួសនៅក្នុងរដ្ឋចំនួន ០៥ របស់ប្រទេសឥណ្ឌា ដោយសារតែព្យុះធូលី និងរន្ទះបាញ់៕