(ប៉េកាំង)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ចិន ត្រូវបង្ខំចិត្តផ្លាស់ប្ដូរទិសដៅហោះហើរ ទៅចុះចតនៅអាកាសដ្ឋានមួយផ្សេងទៀតភ្លាមៗ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា យន្ដហោះនេះមានបញ្ហាម៉ាស៊ីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ក្រោយទទួលបានព័ត៌មានផ្លូវការ ពីអាជ្ញាធរអាកាសចរណ៍ ស៊ីវិលចិននៅរសៀលថ្ងៃចន្ទ ទី១៤ ខែឧសភា ឆ្នាំ២០១៨។
ជើងហោះហើរលេខ 3U8633 ប្រតិបត្តិដោយក្រុមហ៊ុនអាកាសចរណ៍ ស៊ីឈន់ (Sichuan Airlines) ដំបូងឡើយមានគោលដៅហោះហើរពីទីក្រុង ចុងគីង (Chongqing) ភាគនិរតីប្រទេសចិន ឆ្ពោះទៅកាន់ទីក្រុង ឡាសា (Lhasa) នៃតំបន់ស្វយ័តទីបេ ប៉ុន្តែត្រូវបង្ខំចិត្តផ្លាស់ប្ដូរផ្លូវហោះហើរ ឆ្ពោះមកកាន់ទីក្រុង ចេងទូ (Chengdu) នៃខេត្ត ស៊ីឈន់ (Sichuan) វិញ។
បើតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលចិន (CAAC) ផ្នែកមួយនៃ បង្អួចកាប៊ីនអ្នកបើកបរយន្ដហោះបានរងការខូចខាត នៅពេលយន្ដហោះ Airbus A319 នេះហោះពីលើទីក្រុង Chengdu។ ចំណែកឯ ក្រុមពីឡុតបានទាក់ទងទៅកាន់លេខសង្រ្គោះបន្ទាន់ ៧៧០០ និងបានចុះចតភ្លាមៗនៅឯអាកាសយានដ្ឋានទីក្រុង Chengdu នៅម៉ោង ៧៖៤៦នាទី ព្រឹក។
គួរបញ្ជាក់ថា យន្ដហោះខាងលើមានផ្ទុកអ្នកដំណើរសរុប ១១៩នាក់ និងសមាជិកអាកាសយានិក ០៩នាក់ ហើយអ្នកទាំងនេះសុទ្ធតែ មានសុវត្ថិភាពទាំងអស់គ្នា៕