(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃចន្ទនេះបានបង្ហោះនៅលើទំព័រ Facebook របស់ខ្លួននូវវីដេអូមួយដែលបង្ហាញពីការគ្រប់គ្រង «ប្រព័ន្ធធ្វើតេស្ដអាវុធនុយក្លេអ៊ែរនៅទូទាំងពិភពលោក»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៤ ខែឧសភា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា នេះគឺជាលើកដំបូងដែលក្រសួងបានបង្ហាញពីរបៀប ធ្វើការរបស់អង្គភាព Special Control Service (SCS) នាឱកាសប្រារព្ធខួបលើកទី ៦០ នៃការបង្កើតអង្គភាពមួយនេះ។ សេចក្ដីថ្លែង ការណ៍ដដែលបញ្ជាក់យ៉ាងដូច្នេះថា «បន្ថែមពីលើការត្រួតពិនិត្យការសាកល្បងវុធនុយក្លេអ៊ែរនៅលើពិភពលោក SCS បានអនុវត្តន៍តាមយ៉ាងខ្ជាប់ខ្ជួននូវសទ្ធិសញ្ញាអន្តរជាតិស្ដីពីការដាក់កំហិត និងហាមឃាត់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ»។
SCS ក៏បានធានាដែរពីការចូលរួមរបស់រុស្ស៊ី នៅក្នុងយន្ដការពិភពលោក សម្រាប់ការត្រួតពិនិត្យលើសន្ធិសញ្ញាហាមឃាត់ ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ CTBT ព្រមទាំងធ្វើការសម្របសម្រួលសកម្មភាព តាមរយៈរដ្ឋាភិបាលសហព័ន្ធ និងបណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ី ក្នុងការអនុវត្តតាមសន្ធិសញ្ញានេះ៕