(អាមេរិក)៖ ចំណុចទឹកក្តៅដែលផុសចេញពីទីដី ដែលរយៈកម្ពស់ខ្ពស់ជាងគេបង្អស់លើពិភពលោក ស្ថិតនៅឧទ្យានជាតិ Yellowstone (ថ្មលឿង) ភាគពាយ័ព្យសហរដ្ឋអាមេរិក បានបញ្ចេញសកម្មភាពជាលើកទី ៥ សម្រាប់ឆ្នាំ២០១៨ ដែលជាប្រការមួយនាំឲ្យក្រុមអ្នកវិទ្យាសាស្ត្រធ្វើការសិក្សាបន្ថែម ដើម្បីឲ្យបានដឹងពីដើមចម ឬកត្តាធម្មជាតិណាមួយ ដែលបង្កជាបាតុភូតចម្លែកនេះឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៤ ខែឧសភា ឆ្នាំ២០១៨។
ចំណុចទីខ្ពស់ខាងលើដែលគេហៅឈ្មោះថា Geyser នេះអាចបាញ់កំសួលទឹកចេញ និងចំហាយពីក្នុងផ្ទៃដីទៅលើអាកាសបានរយៈពេលជាច្រើននាទី និងបង្ហុយចំហាយក្តៅបានរយៈពេលរាប់ថ្ងៃថែមទៀត ហើយវាគឺជា Geyser សកម្មដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដែលមានសមត្ថភាពបាញ់ទឹកឡើងទៅលើផ្ទៃអាកាសបានរហូតដល់ ៩១ម៉ែត្រឯណោះ។
អ្វីដែលឲ្យធ្វើអ្នកវិទ្យាសាស្រ្តចាប់អារម្មណ៍នោះ គឺថា Geyser ខាងលើមានភាពស្ងប់ស្ងាប់ អស់រយៈពេលយ៉ាងហោចណាស់ ០៩ឆ្នាំ មកហើយ ខណៈការបញ្ចេញសកម្មភាពជាលើកដំបូងឡើងវិញនាឆ្នាំនេះ កាលពីពាក់កណ្តាលខែមីនា និងក្រោយមកនៅខែមេសាចំនួនពីរលើក និងមួយលើកមុននេះគឺនៅថ្ងៃទី០៤ ខែឧសភា។
យ៉ាងណាមិញ ទោះបីជាអ្នកវិទ្យាសាស្រ្តមិនទាន់ដឹងពីមូលហេតុពិតប្រាកដថា ហេតុអ្វីបានជាវាបញ្ចេញសកម្មភាព ខុសប្រក្របីបែបនេះយ៉ាងណាក្តី ពួកគេបានសន្និដ្ឋានតំណាក់កាលដំបូងថា ចំណុច Geyser នេះ នឹងពុំបង្កជាគ្រោះមហន្តរាយ ដូចជាការផ្ទុះភ្នំភ្លើងកំណាចៗ ដែលស្ថិតនៅក្រោមឧទ្យានជាតិអាមេរិក Yellowstone ស្ថិតចំលើពីចំណុចតំបន់ភ្នំភ្លើងយក្ស និងលាតសន្ធឹងឆ្លងកាត់រដ្ឋចំនួនបីរួមមាន Wyoming, Montana, និង Idaho នេះឡើយ។
គួរជម្រាបថា ភ្នំភ្លើងកំណាចនៅពីក្រោមឧទ្យាន Yellowstone បានផ្ទុះជាលើកចុងក្រោយ តាំងតែពី ៧០,០០០មុនមកម្ល៉េះ ប៉ុន្តែបច្ចុប្បន្នគឺជាជាទីរមណីយដ្ឋានដ៏ពេញនិយមសម្រាប់ប្រជាជនអាមេរិក ដោយសារតែទិដ្ឋភាពបឹងទឹកក្តៅដ៏អស្ចារ្យ និងមានពណ៌លឿងៗ ប្រកបដោយលក្ខណៈប្លែកពីគេនេះ៕