(ញូដេលី)៖ សំណុំរឿងក្មេងស្រីបីនាក់ត្រូវបានគេរំលោភ និងដុតទាំងរស់ក្នុងរយៈពេលមួយសប្ដាហ៍ បាននិងកំពុងបង្កជាភាពរំជើប រំជួលយ៉ាងខ្លាំង នៅទូទាំងប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៤ ខែឧសភា ឆ្នាំ២០១៨។
យោងតាមប៉ូលិសឥណ្ឌាក្មេងស្រីទាំងបីនាក់ខាងលើ មានពីរនាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ។ ចំណែកឯករណីដ៏សាហាវនេះ បានកើតឡើងលើកចុងក្រោយលើក្មេងស្រីអាយុ ១៦ឆ្នាំម្នាក់ ដែលត្រូវបានគេដុតទាំងរស់ បន្ទាប់ពីរូបនាងព្រមានជនល្មើសថា នាងនឹងប្រាប់គ្រួសារពីររឿងដែលនាងត្រូវជនរូបនោះរំលោភ។
ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់អំពើរំលោភផ្លូវភេទដ៏គួរឱ្យស្អប់ខ្ពើមជាបន្តបន្ទាប់ទាំងនេះ បាននិងកំពុងបង្កជាភាពរំជើបរំជួល និងចម្រូងចម្រាសកាន់តែខ្លាំងជាថ្មីឡើងវិញ នៅទូទាំងប្រទេសឥណ្ឌា គិតចាប់តាំងពីស្ត្រីជានិស្សិតពេទ្យម្នាក់ត្រូវបានជនល្មើស ចាប់រំលោភនៅកណ្ដាលថ្ងៃ លើរថយន្ដក្រុងក្នុងទីក្រុងញូដេលី កាលពីឆ្នាំ២០១២។
ជាមួយគ្នានោះដែរ ដោយមានសម្ពាធពីប្រជាជន ប៉ូលិសឥណ្ឌាបានចាប់ខ្លួនជនសង្ស័យពីរនាក់ ក្នុងនោះមានម្នាក់ជាបងប្អូនជីដូនមួយរបស់ជនរងគ្រោះថែមទៀត។ កាលពីខែមេសាកន្លងទៅ រដ្ឋាភិបាលឥណ្ឌា បានអនុម័តលើច្បាប់មួយដែលអនុញ្ញាតឱ្យតុលាការអាចផ្ដន្ទាទោស ប្រហារជីវិតលើជនល្មើសដែលរំលោភសេពសន្ថវៈលើកុមារមានអាយុក្រោម ១៦ឆ្នាំ។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បុរសជនជាតិឥណ្ឌាម្នាក់ ត្រូវបានតុលាការកាត់ទោសប្រហារជីវិត ក្រោមបទរំលោភ និងសម្លាប់ទារិកាម្នាក់។ ប្រការហេតុនេះ អ្នកតាមដានបានប៉ាន់ស្មានថា ការតវ៉ាទ្រង់ទ្រាយធំនឹងផ្ទុះឡើងនៅឥណ្ឌា ដើម្បីឲ្យអាជ្ញាធរដោះស្រាយរឿងនេះ ខណៈដែលការតវ៉ានៅតាមរដ្ឋមួយចំនួនបានកើតមានឡើងរួចទៅហើយ៕