ក្តៅគគុក! បំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់នៅឥណ្ឌូណេស៊ី «ផ្តាច់ជីវិតមនុស្សសរុប ២១នាក់» ខណៈមានការសង្ស័យថា ជាទង្វើរបស់ ISIS!
14-05-2018 12:29
(ហ្សាការតា)៖ ករណីបំផ្ទុះគ្រាប់បែកអត្តឃាត បានកើតឡើងនៅមុខច្រកចូលរបស់ស្ថានីយប៉ូលិសមួយកន្លែង ក្នុងទីក្រុងសារ៉ាបេយ (Sarabay) នៃខេត្ត ជ្វាភាគខាងកើត (Java) ប្រទេសឥណ្ឌូណេស៊ីនាព្រឹកថ្ងៃចន្ទនេះ ខណៈកាលពីម្សិលមិញករណីបំផ្ទុះគ្រាប់បែក យ៉ាងកក្រើកដល់ទៅ ០៤ករណី ទើបតែបានវាយប្រហារលើទីក្រុងនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៤ ខែឧសភា ឆ្នាំ២០១៨។
បើតាមឃ្លីបវីដេអូថតបានពីកាមេរ៉ាសុវត្ថិភាព ហេតុការណ៍ខាងលើនេះបានកើតមានឡើង នៅពេលដែលក្រុមជនសង្ស័យមានជិះម៉ូតូពីរគ្រឿង បានធ្វើដំណើរមកច្រកចូលនៃស្ថានីយប៉ូលិស ដែលស្ថិតនៅលើដងវិថី Sikatan នាវេលាម៉ោង ០៨៖៥០នាទីព្រឹក (ពេលវេលានៅទីក្រុងហ្សាការតា) ហើយខណៈកំពុងត្រូវបានកម្លាំងប៉ូលិស ដែលនៅយាមនៅមាត់ផ្លូវធ្វើការសួរនាំ ជនទាំងនោះ ក៏បានបំផ្ទុះគ្រាប់បែកឡើងតែម្តង។
គួរជម្រាបថា បើអ្នកនាំពាក្យប៉ូលិសខេត្តជ្វាភាគខាងកើត មនុស្សចំនួន ០៧នាក់ បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ខាងលើនេះ ដែលបានកើតឡើង តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានករណីបំផ្ទុះគ្រាប់បែកអត្តឃាត ទៅលើព្រះវិហារគ្រិស្ត ០៣កន្លែង និងនៅក្នុងផ្ទះល្វែងមួយកន្លែង នៅឯទីក្រុងដ៏ធំទីពីរ នៃប្រទេសឥណ្ឌូណេស៊ីមួយនេះ ដែលបានផ្តាច់ជីវិតមនុស្សសរុបយ៉ាងតិច ១៤នាក់ និងរបួសជាង៤០នាក់ ដោយអាជ្ញាធរបានដាក់ការសង្ស័យថា ជាស្នាដៃរបស់បណ្តាញក្រុម ISIS៕