(ម៉ានីល)៖ ពលទាហាន ០២នាក់ រួមនិងសមាជិក​របស់ក្រុមអាប៊ូសាយយ៉ាហ្វ (Abu Sayyaf) ចំនួន ១០នាក់ បានបាត់​បង់ជីវិត​ក្រោយពីមាន​ការព្យាយាម​​រំដោះ​ចំណាប់​ខ្មាំង ដែលស្ថិតនៅ​ក្នុងកណ្តាប់ដៃ​របស់ក្រុមសកម្ម​ប្រយុទ្ធ​នេះ។ នេះបើតាមការ​ដកស្រង់ការ​ផ្សាយចេញ​ពី​ ទីភ្នាក់​ងារ​ព័ត៌​មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី១៤ ខែឧសភា ឆ្នាំ២០១៨។

ការប៉ះទង្គិចគ្នាខាង​លើបានកើត​ឡើងនៅ Tanum ដែលជាភូមិដាច់​ស្រយាលមួយកន្លែង ក្នុងក្រុង ផាទីគុល (Patikul) ភាគខាងត្បូង​​ប្រទេស​ហ្វីលីពីន​ កាលពីថ្ងៃអាទិត្យ​ម្សិលមិញ ហើយការ​ប្រយុទ្ធគ្នាយ៉ាងក្តៅគគុក​ប្រមាណជា​មួយម៉ោង បានបន្សល់​ទុកកងទ័ព ០២រូប និង​សមាជិក​​របស់​ Abu Sayyaf ដែលពុំស្គាល់​អត្តសញ្ញាណប្រហែល​ ១០នាក់ស្លាប់។

មូលហេតុនៅមុនឈានទៅរកការប្រយុទ្ធ​គ្នានេះ គឺកងកម្លាំង​រដ្ឋាភិបាល​ហ្វីលីពីន បានធ្វើការតាម​ស្វែងរកស្រ្តីជាប៉ូលិស​ពីររូប ដែលត្រូវបាន​គេ​ចាប់ពង្រត់​កាលពីខែមុន នៅក្រុង Patikul ។ មន្រ្តីប៉ូលិស​ទាំងពីររូបនេះ គឺស្ថិតក្នុង​ចំណោមចំណាប់ខ្មាំងមួយ​ចំនួនទៀត ដែលត្រូវបាន​​ចាប់​ជំរិត​ដោយ​បណ្តាញ​ក្រុម Abu Sayyaf នៅភាគខាងត្បូងហ្វីលីពីន។

គួរជម្រាប​ថា Abu Sayyaf គឺជាក្រុមសកម្មប្រយុទ្ធ​និយមជ្រុល នៅប្រទេស​ហ្វីលីពីន ដែលជារឿយៗ​បានធ្វើសកម្មភាព​ចាប់ជំរិត​ទារប្រាក់, បំផ្ទុះ​គ្រាប់បែក, និងកាត់ក្បាល​មនុស្ស​ជាដើម នៅតាមតំបន់​ភាគលិច​កោះ មីនដាណាវ (Mindanao) ជាពិសេសគឺ​នៅក្នុងសំបុក​របស់ពួកគេ ដែល​ស្ថិត​នៅ​លើ​ខេត្តដីកោះ បាស៊ីឡាន (Basilan) និង ស៊ូលូ (Sulu)៕