(រ៉ង់ហ្គូន)៖ សារព័ត៌មានមីយ៉ាន់ម៉ា Global New Light នៅថ្ងៃចន្ទនេះបានរាយការណ៍ថា អាជ្ញាធរទេសចរមីយ៉ាន់ម៉ាកំពុងខិត ខំប្រឹងប្រែងអភិវឌ្ឍន៍តំបន់ទេសចរណ៍រូងភ្នំបុរាណ អ៊ីសាថារ៉ា (Esathara) ក្នុងទីក្រុង ហាផា-អាន (Hpa-an) នៃរដ្ឋកាយីន (Kayin) ស្ថិតនៅភាគខាងជើងនៃប្រទេស ជាមួយការធានាថា នឹងមិនបំផ្លាញដល់បរិស្ថានធម្មជាតិឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែឧសភា ឆ្នាំ២០១៨។
បើតាម Global New Light អាជ្ញាធរមីយ៉ាន់ម៉ា កំពុងសាងសង់ផ្លូវជាច្រើនសម្រាប់ភ្ញៀវទេសចរ និងកែលម្អរផ្លូវចូលទៅកាន់តំបន់រូងភ្នំ Esathara ដែលមានជំរៅ ៣០០ម៉ែត្រ ស្ថិតតំបន់ភ្នំ Esathara ក្បែរភូមិណងផាឡេន (Naungpalain)។ គេអាចធ្វើដំណើរទៅកាន់រូងភ្នំបុរាណនេះ តាមផ្លូវ ហាផាអាន ហ្លេងវ៉េ (Hpa-an-Hlaingbwe) និងផ្លូវ មីបងណងផាឡេន (Mebaung-Naung Palain)។
គួរបញ្ជាក់ថា ទីក្រុង Hpa-an គឺជាបេះដូងនៃវិស័យទេសចរណ៍ប្រចាំរដ្ឋ Kayin ដែលសម្បូរទៅដោយរូងភ្នំធម្មជាតិ ផ្ទះប្រពៃណី និងវប្បធម៌ ទឹកធ្លាក់ រួមទាំងគោលដៅទេសចរណ៍ជាច្រើនទៀត សម្រាប់ឱ្យទីក្រុងមួយនេះត្រៀមធ្វើជាម្ចាស់ផ្ទះ ទទួលរួមចំកិច្ចប្រជុំ ទេសចរណ៍អាស៊ានប្រកបដោយចីរភាពក្នុងឆ្នាំ២០១៨នេះ៕