(ប៉េកាំង)៖ ប្រទេសចិនបានកំណត់គោលដៅថា យន្តហោះខ្នាតយក្សដែលមានសមត្ថភាពចុះចតលើផ្ទៃសមុទ្របាន AG600 របស់ខ្លួន នឹងអាចប្រគល់ដល់ដៃអតិថិជននៅឆ្នាំ២០២២។ នេះបើតាមការបង្ហាញជំនឿជឿជាក់របស់ក្រុមហ៊ុន AVIC ដែលជាអ្នកផលិតយន្តហោះនេះ ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែឧសភា ឆ្នាំ២០១៨។
លោក ហ័ង លីកៃ (HHuang Lingcai) ប្រធានផ្នែករចនារបស់ក្រុមហ៊ុនខាងលើ បានឲ្យដឹងថា «ក្រោយពីការហោះហើរប្រកបដោយជោគជ័យជាលើកដំបូង កាលពីខែធ្នូឆ្នាំទៅមិញ ពួកយើងកំពុងរៀបចំបញ្ជូន AG600 ចេញពីមូលដ្ឋានស្រាវជ្រាវ ដែលស្ថិតក្នុងទីក្រុង ជូហៃ (Zhuhai) ទៅកាន់ក្រុង ហ្ស៊ីងមិន (Jingmen) នៃខេត្ត ហ៊ូបៃ (Hubei) ភាគកណ្តាលប្រទេសចិន នៅខែកក្កដាខាងមុខ។ ក្រោយមកទៀត យន្តហោះនេះ នឹងត្រូវត្រៀមខ្លួនសម្រាប់ការហោះចាកចេញពីលើផ្ទៃទឹកជាលើកដំបូងរបស់វា ដែលត្រូវបានកំណត់ថា នឹងប្រព្រឹត្តទៅនៅចុងឆ្នាំនេះ»។
គួរជម្រាបថា ការហោះចាកចេញពីផ្ទៃទឹកលើកទីមួយរបស់វា នឹងត្រូវធ្វើឡើងនៅឯទំនប់ទឹកដ៏ធំមួយ នៅទីក្រុង Jingmen។ យន្តហោះ AG600 ដែលរចនាឡើងដើម្បីក្លាយជាយន្តហោះធំជាងគេបង្អស់លើលោក ដែលអាចចុះចតលើផ្ទៃទឹកបាន នឹងត្រូវគេប្រើប្រាស់ជាចម្បងសម្រាប់ការជួយសង្រ្គោះលើផ្ទៃទឹក, ការពន្លត់ភ្លើងឆេះព្រៃ, និងការឃ្លាំមើលតាមដែនសមុទ្រ ហើយអាចធ្វើដំណើរបានចម្ងាយរហូតដល់៤,៥០០គីឡូម៉ែត្រ ក្នុងមួយជើង៕