(វ៉ាស៊ីនតោន)៖ ស្ថានទូតអាមេរិកនៅក្នុងទីក្រុងតែលអាវីវ ប្រទេសអ៊ីស្រាអែល នឹងត្រូវផ្លាស់ប្ដូរជាផ្លូវការទៅកាន់ទីក្រុងហ្សេរុយសាឡឹម នៅថ្ងៃចន្ទនេះ (ម៉ោងនៅក្នុងតំបន់) បន្ទាប់ពីការសម្រេចចិត្តដ៏ចម្រូចម្រាស់ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារបស់អ៊ីស្រាអែលផ្ដាច់មុខ ហើយវាក៏ចំថ្ងៃខួបដែលអ៊ីស្រាអែល ប្រកាសឯករាជ្យជាផ្លូវការផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែឧសភា ឆ្នាំ២០១៨។
កាលពីខែឆ្នូ ឆ្នាំ២០១៧ លោក ដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់ថា ទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល ហើយសន្យាថានឹងផ្លាស់ប្ដូរស្ថានទូតអាមេរិកមកកាន់ទីក្រុងមួយនេះ ដែលត្រូវបានប៉ាឡេស្ទីនចាត់ទុកថា ជាទឹកដីដ៏ពិសិដ្ឋរបស់ខ្លួន។ មួយវិញទៀត ក្រោយការប្រកាសនេះ បណ្ដាប្រទេសជាច្រើន រួមទាំងអង្គការសហប្រជាជាតិបានថ្កោលទោសយ៉ាងខ្លាំង បើទោះជាក្រុមប្រឹក្សាសន្តិសុខ UN បរាជ័យក្នុងការចេញសេចក្ដីថ្លែងការណ៍រួម ថ្កោលទោសទីក្រុងវ៉ាស៊ីនតោនក៏ដោយ។
ចំណែកឯប្រទេស ហ្គាតេម៉ាឡា និងប៉ារ៉ាហ្កាយ បាននិយាយថា ពួកគេនឹងផ្លាស់ប្ដូរស្ថានទូតតាមសហរដ្ឋអាមេរិក ខណៈប្រទេសមួយចំនួនធំសម្រេចចិត្ត រក្សាបេសកកម្មការទូតរបស់ពួកគេ ក្នុងទីក្រុងតែល អាវីវដដែល។
គួរជម្រាបថា ពិធីបើកស្ថានទូតអាមេរិក ក្នុងទីក្រុងហ្សេរុយសាឡឹមនឹងត្រូវប្រព្រឹត្តទៅក្រោមការចូលរួមពីរដ្ឋមន្ត្រីរតនាគារជាតិ អាមេរិក លោក ស្ទេវិន ម៉ានូជីន (Steven Mnuchin), កូនស្រីលោក ដូណាល់ ត្រាំ គឺអ្នកនាង អ៊ីវ៉ាន់កា (Ivanka) រួមទាំងស្វាមី និងជាទីប្រឹក្សាលោក ត្រាំ លោក ហ្សារែដ គូស្នឺ (Jared Kushner) ផងដែរ៕