(ហ៊ូណា-ចិន)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨នេះ បានដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ច វិទ្យាល័យបច្ចេកទេសជាន់ខ្ពស់ ឡុងភិង Longping High-Tech ដែលជាក្រុមហ៊ុនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ វិទ្យាស្ថានធំជាងគេលេខ៩ ទូទាំងពិភពលោក នៅទីក្រុងឆាងសា ខេត្តហ៊ូណាន។
ក្នុងដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រី បានធ្វើការស្វែងយល់ អំពីនវានុវត្តលើវិស័យកសិកម្ម រួមទាំងបច្ចេកវិទ្យានៃការដាំដុះ ការរៀបចំ និងគ្រប់គ្រងដីកសិកម្ម ការគ្រប់គ្រង និងប្រើប្រាស់ថ្នាំ និងជីកសិកម្មឲ្យមានប្រសិទ្ធភាព និងសុវត្ថិភាពប្ហូបអាហារកសិកម្ម ស្របតាមវិធាន និងបរិបទ នៃការរីកចម្រើនសង្គម និងសេដ្ឋកិច្ច។
គួរជម្រាបថា ក្រុមហ៊ុនឡុងភិង បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៨ ជំនាញសិក្សាស្រាវជ្រាវ ផលិតពូជស្រូវ ជាពិសេសប្រភេទពូជស្រូវកណ្តុល ដំណាំពោត និងបន្លែដែលមានសក្តានុពលខ្ពស់ និងទទួលស្គាល់ទូទាំងពិភពលោក។
គិតមកដល់ពេលនេះ ក្រុមហ៊ុនមានទុនវិនិយោគជាង១០០លានយ៉ាន់ សម្រាប់សិក្សាស្រាវជ្រាវ ផលិតពូជ និងផ្តល់ឥណទានកសិកម្ម និងបានផលិតពូជស្រូវជាង ៦០ប្រភេទ ដើម្បីធ្វើការនាំចេញទៅប្រមាណជា ៨០ប្រទេស។ ក្នុងចំណោមប្រភេទពូជស្រូវ មាន២៦ប្រភេទ ទទួលលេខ៣ ជាស្រូវល្អថ្នាក់ជាតិ ១០ប្រភេទ ទទួលបានកម្រិតលេខ២ និង២ប្រភេទ ទទួលបានកម្រិតលេខ១ គួរជាទីមោទនៈ។
បន្ទាប់ពីបានអញ្ជើញទៅពិនិត្យក្រុមហ៊ុនឡុងភិងរួចមក រដ្ឋមន្ត្រី វេង សាខុន និងគណៈប្រតិភូ បានបន្តដំណើរទៅពិនិត្យមើលស្ថានភាព និងការអភិវឌ្ឍន៍ភូមិថ្មី Moral Culture Square of Guanshan និងចំការទំពាំងបាយជូរ នៅទីក្រុងឆាងសា។
ភូមិនេះបានបង្កើតឡើង នៅឆ្នាំ២០០៧ ក្នុងបំណងប្រមូលប្រជាពលរដ្ឋ ដែលមានវ័យចំណាស់មករស់នៅជាសហគមន៍ ដោយសារការខ្វះខាត កម្លាំងពលកម្មវ័យក្មេង ក្នុងវិស័យកសិកម្ម ដើម្បីដោះស្រាយបញ្ហានេះ អាជ្ញាធរមូលដ្ឋានសហការជាមួយរដ្ឋាភិបាល បានប្រមូលរួចចងក្រងពួកគាត់ ជាសហគមន៍កសិកម្មវ័យចំណាស់ក្នុងភូមិថ្មីនេះ។ ការសាងសង់ភូមិនេះ ត្រូវបានទទួលការឧបត្ថម្ភពីរដ្ឋាភិបាល និងសប្បុរសជន ដែលមានធនធានក្នុងភូមិ។
១០ឆ្នាំកន្លងមកនេះឃើញថា ជីវភាពរបស់ប្រជាពលរដ្ឋ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ តាមរយៈកំណើនទេសចរ ដែលចង់ស្វែងយល់ពីប្រពៃណី ទំនៀមទំលាប់ ជីវភាព និងការធ្វើកសិកម្មជាលក្ខណៈគ្រួសារ និងបែបបុរាណរបស់សហគមន៍។ ជាក់ស្តែងប្រជាពលរដ្ឋ អាចទទួលបានប្រាក់ចំណូលជាមធ្យម ជាង២ម៉ឺនយ៉ាន់ ក្នុង១ឆ្នាំ។ លទ្ធផលនេះ បានទាក់ទាញយុវជនវ័យក្មេង ដែលបានធ្វើចំណាក់ស្រុកមករស់នៅក្នុងភូមិកំណើតវិញ បន្តអនុវត្ត និងជួយការងារគម្រោងសំខាន់ៗ របស់សហគមន៍ឲ្យមានការរីកចម្រើនបន្ថែមទៀត។
លោករដ្ឋមន្ត្រី និងគណៈប្រតិភូបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការអនុវត្តគម្រោង ដែលមានការចូលរួមពីសំណាក់ប្រជាកសិករ ក្នុងការអភិវឌ្ឍន៍ និងគ្រប់គ្រងសហគមន៍កសិកម្ម ដែលបានកាត់បន្ថយការធ្វើចំណាក់ស្រុក ជាមួយការធ្វើកសិកម្មចម្រុះ ដោយវិស័យឯកជន រដ្ឋ និងប្រជាជន៕