(រ៉ង់ហ្គូន)៖ ស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ា បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ប្រកាន់គោលជំហរអត់ធ្មត់ ហើយចាត់វិធានការជាក់ស្តែងនិងប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់កុំឲ្យស្ថានការណ៍កាន់តែអាក្រក់ បន្ទាប់ពីអំពើហិង្សាមួយបានផ្ទុះឡើងសាជាថ្មី រវាងកងទ័ពក៏ដូចជាប៉ូលិសមីយ៉ាន់ ជាមួយក្រុមឧទ្ទាមប្រដាប់អាវុធនៅក្រុង Muse ភាគខាងជើងប្រទេសអាស៊ានមួយនេះ ដែលបានផ្តាច់ជីវិតមនុស្សនិងបង្កឲ្យរបួសជាច្រើននាក់ កាលពីថ្ងៃសៅរ៍ម្សិលមិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨។
យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ស្ថានទូត ប្រជាជនមីយ៉ាន់ម៉ាមួយចំនួន ដែលរស់នៅតាមតំបន់ព្រំដែន បានរត់ភៀសខ្លួនចូលទៅក្នុងប្រទេសចិន ហើយគ្រាប់កាំភ្លើងខ្លះក៏បានរាលដៅដល់ទឹកដីប្រទេសចិនផងដែរ។ ដោយថ្កោលទោសចំពោះអំពើហិង្សានិងចូលរួមសោកស្តាយសម្រាប់អ្នករងគ្រោះនិងបាត់បង់ជីវិត រដ្ឋាភិបាលចិនបានទទូចឲ្យភាគីពាក់ព័ន្ធទាំងអស់ ធានាឲ្យបាននូវសុវត្ថិភាពនៃអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជននៅតាមព្រំដែនប្រទេសទាំងពីរ។
សេចក្តីថ្លែងការណ៍ខាងលើ បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធ ពង្រឹងកិច្ចសន្ទនាចរចា, លើកស្ទួយទំនុកចិត្តទៅវិញទៅមក, និងបោះជំហានឆ្ពោះទៅរកទិសដៅរួមគ្នា ដើម្បីដើរតួនាទីស្ថាបនា ក្នុងការលើកកម្ពស់កិច្ចផ្សះផ្សាជាតិ ព្រមទាំងកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពនៃប្រទេសមីយ៉ាន់ម៉ា។
គួរជម្រាបថា មនុស្សយ៉ាងតិចចំនួន១៩នាក់ រួមមានប៉ូលិសម្នាក់ ជនសកម្មប្រយុទ្ធ០៤នាក់ និងជនស៊ីវិលស្លូតត្រង់១៤នាក់ បានបាត់បង់ជីវិត និង២៧នាក់ផ្សេងទៀត បានទទួលរងរបួស នៅក្នុងការវាយប្រហារ ដោយក្រុមឧទ្ទាមប្រដាប់អាវុធ នៅក្រុង Muse នៃរដ្ឋ Shan ភាគខាងជើងមីយ៉ាន់ម៉ា គឺក្រុម Kachin Independence Army (KIA) និងក្រុម Ta'ang National Liberation Army (TNLA) ដែលបានរួមដៃគ្នា។ នេះបើតាមការបញ្ជាក់ពីរដ្ឋាភិបាលមីយ៉ាន់ម៉ា៕