(ប៉េកាំង)៖ នាវាដឹកយន្តហោះចម្បាំងចិន ដែលផលិតឡើងទាំងស្រុងនៅក្នុងស្រុកផ្ទាល់ នាថ្ងៃអាទិត្យនេះ បានចេញពីកំពង់ផែ Dalian របស់វា ដែលស្ថិតក្នុងខេត្ត Liaoning ភាគឦសានប្រទេស ដើម្បីចាប់ផ្តើមការធ្វើតេស្តលើផ្ទៃសមុទ្រ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែឧសភា ឆ្នាំ២០១៨។
វាគឺជាលើកទីមួយហើយដែលប្រព័ន្ធថាមពលនិងបង្កើនល្បឿន របស់នាវាដឹកយន្តហោះចម្បាំងថ្មីខាងលើ នឹងត្រូវធ្វើតេស្តក្នុងស្ថានភាពពិតជាក់ស្តែង ដែលវានឹងក្លាយជាជំហានដ៏សំខាន់មួយ ដើម្បីឲ្យនាវានេះក្លាយជានាវាចម្បាំង ដែលមានលក្ខណៈរួចរាល់ក្នុងការប្រយុទ្ធ។ នាវាខាងលើដែលមានឈ្មោះថា Type-001A គឺជានាវាដឹកយន្តហោះចម្បាំងទី០២របស់ចិន គឺបន្ទាប់ពីនាវា Liaoning (Type-001) និងជានាវាដឹកយន្តហោះចម្បាំងដំបូងបំផុត ដែលត្រូវបានផលិតឡើងនៅក្នុងស្រុក។ សម្រាប់រូបរាងរបស់វាវិញ គឺមិនខុសគ្នាពី Liaoning ប៉ុន្មានឡើយ ហើយវាពុំដើរដោយថាមពលនុយក្លេអ៊ែរនោះទេ។
គួរជម្រាបថា នាវាដឹកយន្តហោះចម្បាំងខាងលើ ត្រូវបានផ្ទេរពីកន្លែងសាងសង់មកលើផ្ទៃទឹកកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ក្រោយពីដំណើរការសាង់សង់បានប្រព្រឹត្តទៅអស់រយៈពេលជិត០៤ឆ្នាំ ហើយវាត្រូវគេរំពឹងថានឹងអាចធ្វើប្រតិបត្តិការបាន នៅមុនឆ្នាំ២០២០។ ក្រៅពីនេះ ប្រទេសចិន ក៏បានគ្រោងអភិវឌ្ឍន៍នាវាដឹកយន្តហោះចម្បាំង០៣គ្រឿងបន្ថែមទៀតផងដែរ៕