(ហ្សាការតា)៖ ក្រុមជនបំផ្ទុះគ្រាប់បែកអត្តឃាត នាថ្ងៃអាទិត្យបានធ្វើសកម្មភាពវាយប្រហារ ទៅលើព្រះវិហារសាសនាគ្រឹស្តចំនួន០៣កន្លែងខុសៗគ្នា នៅឯទីក្រុង Surabaya ដែលជាក្រុងធំជាងគេលំដាប់ទីពីរ របស់ប្រទេសឥណ្ឌូណេស៊ី នៅលើខេត្ត Java ខាងកើតនិងបានបណ្តាលឲ្យមនុស្សបាត់បង់ជីវិតចំនួន០៦នាក់ និងរបួស៣៥នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែឧសភា ឆ្នាំ២០១៨។
ហេតុការណ៍ដ៏រន្ធត់ខាងលើ បានកើតឡើងនៅព្រះវិហារកាតូលិក Santa Maria ក្នុងតំបន់ Ngagel Madya, ព្រះវិហារ Gereja Kristen នៅផ្លូវ Diponegoro, និងព្រះវិហារ Pantekosta នៅផ្លូវ Arjuno។ ករណីបំផ្ទុះគ្រាប់បែកអត្តឃាតលើកទីមួយ បានកើតឡើងនៅម៉ោង០៧៖១៥នាទីព្រឹកថ្ងៃអាទិត្យនេះ (ម៉ោងនៅហ្សាការតា) ហើយករណីពីរផ្សេងទៀត បានកើតឡើងតាមក្រោយជាមួយគម្លាតរយៈពេល០៥នាទីពីគ្នា។
គួរជម្រាបថា ឥណ្ឌូណេស៊ីដែលជាប្រទេសមានអ្នកកាន់សាសនាអ៊ីស្លាមភាគច្រើននោះ ក៏ជាជម្រករបស់អ្នកដែលកាន់គ្រឹស្តសាសនា ព្រហ្មញ្ញសាសនា និងពុទ្ធសាសនា ក្នុងចំនួនច្រើនគួរសមផងដែរ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកជ្រុលនិយម បានធ្វើសកម្មភាពវាយប្រហារជាបន្តបន្ទាប់ ប្រឆាំងអ្នកកាន់គ្រឹស្តសាសនា និងក្រុមភាគតិចដទៃទៀត៕