(តេហេរ៉ង់)៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចេញពីរដ្ឋធានីតេហេរ៉ង់ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង នាថ្ងៃអាទិត្យនេះ ដើម្បីបើកការពិភាក្សាជុំវិញបញ្ហាកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តរជាតិនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែឧសភា ឆ្នាំ២០១៨។
បើតាមការបញ្ជាក់ពីក្រសួងការបរទេសអ៊ីរ៉ង់ នៅក្រោយការបំពេញទស្សនកិច្ចនៅឯប្រទេសចិន លោក Zarif នឹងបន្តធ្វើដំណើរទៅកាន់រុស្ស៊ី និងបណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀត ដើម្បីផ្លាស់ប្តូរទស្សនៈជាមួយដៃគូពាក់ព័ន្ធ អំពីការវិវត្តន៍ស្ថានការណ៍នៃបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។ វាច្បាស់ណាស់ថា រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ កំពុងព្យាយាមស្វែងរកការធានាទំនុកចិត្តពីភាគីពាក់ព័ន្ធ ដើម្បីបន្តរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលមានឈ្មោះផ្លូវការថា JCPOA នេះ ក្រោយពីសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ លោក ដូណាល់ ត្រាំ បានសម្រេចដកខ្លួនចេញ។
គួរជម្រាបថា កាលពីប៉ុន្មានថ្ងៃមុននេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ប្រទេសរបស់លោក នឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចក្នុងកម្រិតធ្ងន់ធ្ងរបំផុត ទៅលើទីក្រុងតេហេរ៉ង់ ដែលជាហេតុធ្វើឲ្យអន្តរជាតិមានប្រតិកម្មជំទាស់ជាខ្លាំង។
កិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តខាងលើនេះ ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ ដោយអ៊ីរ៉ង់ និងសមាជិកអចិន្រ្តៃយ៍ទាំង០៥នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺចក្រភពអង់គ្លេស ចិន បារាំង រុស្ស៊ី និងអាមេរិក បូកជាមួយសហភាពអឺរ៉ុបនិងអាល្លឺម៉ង់៕