(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសាទរចំពោះសេចក្តីប្រកាសរបស់ទីក្រុងព្យុងយ៉ាង ក្នុងការបិទទីតាំងធ្វើតេស្តអាវុធនុយក្លេអ៊ែរ នៅភាគខាងជើងប្រទេស នាពេលឆាប់ៗខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែឧសភា ឆ្នាំ២០១៨។
កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញនេះ ប្រទេសកូរ៉េខាងជើង បានប្រកាសថា ខ្លួននឹងរៀបចំពិធីមួយ សម្រាប់ការរុះរើចោលនូវទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរ Pyunggye-ri នៅចន្លោះថ្ងៃទី២៣និងទី២៥ ខែឧសភា ដែលជាជំហានឆ្ពោះទៅកាន់ការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងចេញពីឧបទ្វីបកូរ៉េ។
សម្រាប់ព័តមានលម្អិត ទីក្រុងព្យុងយ៉ាង បានបញ្ជាក់ថា ខ្លួននឹងបំផ្ទុះរាល់ផ្លូវរូងក្រោមដីទាំងអស់របស់ទីតាំងធ្វើតេស្ត ហើយបិទផ្លូវចេញចូលនានា ព្រមទាំងរុះរើរាល់កន្លែងសម្រាប់អង្កេតមើលការធ្វើតេស្ត ក៏ដូចជាវិទ្យាស្ថានស្រាវជ្រាវ និងកន្លែងកងការពារសន្តិសុខ នៅឯមូលដ្ឋាន Pyunggye-ri។
ឆ្លើយតបចំពោះសេចក្តីប្រកាសនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញ Twitter ថាវាគឺជាកាយវិការដ៏ឆ្លាតវ័យនិងប្រពៃមួយ។ ការរុះរើទីតាំងធ្វើតេស្តនុយក្លេអ៊ែរនេះ នឹងធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្រវាងមេដឹកនាំ អាមេរិក-កូរ៉េខាងជើង ដែលត្រូវបានកំណត់ថានឹងប្រព្រឹត្តទៅនាថ្ងៃទី១២ ខែមិថុនា នៅប្រទេសសិង្ហបុរី៕