(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ទីតាំងរៀបចំជំនួបកំពូលជាប្រវត្តិសាស្ត្ររវាងលោក និង មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងត្រូវប្រព្រឹត្តទៅនៅក្នុងប្រទេសសិង្ហបុរី នៅថ្ងៃទី១២ ខែមិថុនា ខាងមុខនេះ។ ថ្លែងនៅ លើ Twitter កាលពីថ្ងៃព្រហស្បតិ៍ លោកត្រាំ គូសបញ្ជាក់ដូច្នេះថា «ជំនួបកម្រិតខ្ពស់មុនកាលកំណត់រវាងខ្ញុំ និងលោកគីម ជុងអ៊ុន នឹងត្រូវធ្វើឡើងនៅប្រទេសសិង្ហបុរី នៅថ្ងៃទី១២ ខែមិថុនាខាងមុខនេះ... ហើយយើងទាំងពីរនឹងព្យាយាមបង្កើតបរិយាកាសដ៏ពិសេស ដើម្បីសន្តិភាពពិភពលោក»។
ការថ្លែងបែបនេះរបស់ លោក ត្រាំ កើតមានឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានត្រឡប់មកពីបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងជាលើកទី ២ ដោយនំាមកជាមួយពលរដ្ឋអាមេរិក ០៣នាក់ ដែលត្រូវបានអាជ្ញាធរទីក្រុងព្យុងយ៉ាង ចាប់ឃុំខ្លួនអស់រយៈពេលជាច្រើនខែមកនេះ។ ប៉ុន្តែខាងកូរ៉េខាងជើង មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយជុំវិញបញ្ហានេះទេ រីឯលោក ត្រាំ ក៏មិនបានបញ្ជាក់ដែរថា ហេតុអ្វីលោកជ្រើសរើសយកសិង្ហបុរី ទឹកដីអាស៊ីអាគ្នេយ៍ជាកន្លែងជួបគ្នា។
ប៉ុន្មានសប្ដាហ៍ មុនការប្រកាសរបស់លោក ត្រាំ បណ្ដាសារព័ត៌មានជាច្រើននាំគ្នាចុះផ្សាយព្រោងព្រាតថា ជំនួបអាមេរិក-កូរ៉េខាងជើង អាចនឹងត្រូវធ្វើឡើងនៅទីក្រុងប៉េកាំង ប្រទេសម៉ុងហ្គោលី ប្រទេសស៊ុយអែត ប្រទេសស្វីស ទីក្រុងព្យុងយ៉ាង តំបន់ព្រំដែនគ្មានយោធា រវាងកូរ៉េទាំងពីរ នាវាក្នុងសមុទ្រអន្តរជាតិ និងប្រទេសសិង្ហបុរី។ ក្រោយមកទៀត លោក ត្រាំ បានអះអាងជាថ្មីថា លោកចង់ជួបលោក គីម នៅតំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំងពីរ ឬប្រទេសសិង្ហបុរី ហើយរហូតដល់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ទើបប្រធានាធិបតីអាមេរិករូបនេះសម្រេចចិត្តរើស យកប្រទេសសិង្ហបុរីជាចុងក្រោយ។
* ហេតុអ្វីបានជាលោក ត្រាំ រើសយកសិង្ហបុរី?
ទីមួយ៖ សិង្ហបុរី គឺជាប្រទេសមួយដែលមិនមានការគំរាមផ្នែកសន្តិសុខ ដោយសារតែភាពតានតឹងនៅក្នុងតំបន់ និងអន្តរជាតិ។ មិនតែ ប៉ុណ្ណោះស្ថានភាពនៅក្នុងស្រុក គឺល្អប្រសើរបំផុត នោះគឺគេមិនរំពឹងឡើយថា នឹងមានបាតុកម្មតវ៉ាប្រឆាំងលោក ត្រាំ និងលោក គីម នោះឡើយពេលអំឡុងកិច្ចជំនួបនេះប្រារព្ធឡើង។
ទីពីរ៖ សម្បូរទៅដោយសណ្ឋាគារ និងកន្លែងរៀបចំសន្និសីទមានលក្ខណៈប្រណិតៗ ដែលលោក ត្រាំ និងលោក គីម អាចនឹងពេញចិត្តដូចគ្នា។
ទីបី៖ ប្រើពេលតែ ០៦ម៉ោង ក្នុងការជិះយន្ដហោះចេញពីទីក្រុងព្យុងយ៉ាងមកកាន់សិង្ហបុរី ហើយដែលនេះគឺផ្ដល់ភាពងាយស្រួលដល់ លោក គីម ខណៈមេដឹកនាំកូរ៉េខាងជើងរូបនេះត្រូវបានគេរាយការណ៍ថា មានជំងឺខ្លាចជិះយន្ដហោះដូចលោក គីម អ៊ីលស៊ុង (ជីតា) និងលោក គីម ជុងអ៊ីល (ឪពុក)។
ទីបួន៖ ទាំងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង សុទ្ធតែមានតំណាងទូតរបស់ខ្លួននៅសិង្ហបុរី (ទំនាក់ទំនងការទូតជាផ្លូវការ)។
គួរបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងមួយចំនួន ក៏ធ្លាប់មកទស្សនកិច្ចនៅសិង្ហបុរីផងដែរ ជាពិសេសគឺកូរ៉េខាងជើង និងសិង្ហបុរី ជាសមាជិកនៃក្រុមប្រទេសមិនចូលបក្សសម្ព័ន្ធ ដែលមានលោក គីម អ៊ីលស៊ុង ជាស្ថាបនិកដូចគ្នា។ លើសពីនេះទៅទៀត NGO Chosun Exchange ដែលកំពុងដំណើរការកម្មវិធីបណ្ដុះបណ្ដាលពាណិជ្ជកម្ម សម្រាប់សហគ្រិនកូរ៉េខាងជើង និងក្រុមសហគិ្រននៅក្នុងប្រទេសចិន កូរ៉េខាងជើង និងសិង្ហបុរី មានមូលដ្ឋាននៅសិង្ហបុរីស្រាប់៕
ប្រភព៖ សារព័ត៌មាន Asia Times