(ញូដេលី)៖ រដ្ឋកាណាតាកា (Karnataka) នៃភាគខាងត្បូងប្រទេសឥណ្ឌា បានចាប់ផ្ដើមដំណើរការបោះឆ្នោតហើយនៅថ្ងៃសៅរ៍នេះ ដែលគេមើលឃើញថា វាជាការចាប់ផ្ដើមមួយឆ្ពោះទៅរកការបោះឆ្នោតសកលនៅឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែឧសភា ឆ្នាំ២០១៨។
ក្រោមការរឹតបន្តឹងសន្តិសុខ ការបោះឆ្នោតបានចាប់ផ្ដើមនៅម៉ោង ៧៖០០នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) ហើយត្រូវបញ្ចប់នៅម៉ោង ៩៖០០នាទីយប់ ដើម្បី ឱ្យគណបក្សនីមួយៗ ប្រកួតប្រជែងដណើ្ដមយកអាសនៈ ២២២ ក្នុងចំណោម ២២៤ អាសនៈនៃសភាប្រចាំរដ្ឋ Karnataka ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយគណបក្សប្រឆាំងដ៏ធំមួយ នៅក្នុងប្រទេសឥណ្ឌា។
គួរបញ្ជាក់ថា ដោយសារតែប្រទេសឥណ្ឌាមានប្រជាជនច្រើន និងមានប្រព័ន្ធដឹកនាំតាមបែបប្រជាធិបតេយ្យ ធ្វើឱ្យការបោះឆ្នោតមានលក្ខណៈស្មុគស្មាញបន្តិច ដោយតំបន់ ឬរដ្ឋខ្លះត្រូវចាប់ផ្ដើមរៀបចំការបោះឆ្នោតជាបណ្ដើរៗមុនរហូតដល់ទៅរាប់ខែមុនការបោះឆ្នោតសម្រេចចុងក្រោយឯណោះ៕